កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥– ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បាននាំយកអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ ចាំបាច់ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ដែលបាននាំយកនូវអំណោយ មនុស្សធម៌ ដែលបម្រើអោយផ្នែកសុខាភិបាល និងអប់រំ ដ៏មានសារៈសំខាន់ និងចាំបាច់នាឱកាសនេះ ក្នុងការជួយដោះស្រាយបញ្ហាខ្វះខាតក្នុងវិស័យសុខាភិបាល ប្រព័ន្ធវេជ្ជសាស្ត្រ និងការអប់រំ នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ ឯកឧត្ដមអភិបាលខេត្ត បានសន្យាថា នឹងយកអំណោយសប្បុរសធម៌ដ៏មានតម្លៃនេះ ចែកជូនដល់មន្ទីរអង្គភាព ស្ថាប័ន និងប្រជាពលរដ្ឋ ដែលត្រូវការជំនួយពិតប្រាកដ ប្រកបដោយគណនេយ្យភាព តម្លាភាព និងសក្តិសិទ្ធិភាព ស្របតាមបំណងប្រាថ្នារបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹងប្រព័ន្ធថែទាំសុខភាពប្រកបដោយនវានុវត្តន៍ ដោយផ្តោតជាចម្បងលើការថែទាំសុខភាព បឋម, ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា, ការបង្កើនគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ,ការពង្រីកការគ្រប់ដណ្តប់នៃសេវាថែទាំ សុខភាព ការចែក ចាយ និងការប្រើប្រាស់ឱសថ និងការជំរុញការអនុវត្តយន្តការតាមដាន វាយតម្លៃ និង អភិបាលកិច្ចគុណភាព។ ការបង្កើនការអប់រំសុខភាព និងការផ្សព្វផ្សាយសំដៅលើក កម្ពស់ការយល់ដឹង និងប្រតិបត្តិត្រឹមត្រូវរបស់ប្រជាជនក្នុងការបង្ការ និងគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពសាធារណៈ ព្រមទាំងស្វែងរក និងការប្រើសេវាថែទាំសុខភាពត្រឹមត្រូវ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា អំណោយ ដែលប្រគល់ជូនរដ្ឋបាលខេត្ត នាពេលនេះរួមមាន សម្ភារៈវេជ្ជសាស្ត្រ ឱសថពេទ្យ បរិក្ខារពេទ្យ ព្រមទាំងអំណោយមនុស្សធម៌ផ្សេងទៀត មានដូចជា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈសម្រាប់ក្មេងៗ និងសៀវភៅសរសេរ ដែលគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណជា ៥០០,០០០$ ដែលទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ។ ឯកឧត្តមប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា សន្យាថានឹងបន្តនាំយកអំណោយមនុស្សធម៌ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ មកផ្ដល់ជូនរដ្ឋបាលខេត្តកណ្ដាលជាបន្តបន្ទាប់ទៀត ហើយអំណោយទាំងអស់នោះនឹងជួយដោះស្រាយបញ្ហាខ្វះខាតមួយចំនួនដល់អាជ្ញាធរខេត្តកំពង់ស្ពឺផងដែរ៕