ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន
កំពង់ស្ពឺ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥–ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី និងប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើបទបង្ហាញអំពីសក្តានុពលដ៏លេចធ្លោរបស់ខេត្ត ដូចជាវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាតំបន់អាទិភាពសម្រាប់ការវិនិយោគបរទេស។ ឯកឧត្តមបានស្វាគមន៍ និងលើកទឹកចិត្តលោក MAXIM BEHAR ឱ្យពិចារណាលើការនាំចូលផលិតផលកសិកម្មពីខេត្តទៅកាន់ទីផ្សារអឺរ៉ុប និងផ្តល់ការប្រឹក្សាផ្នែកទំនាក់ទំនងសាធារណៈ ដើម្បីជួយផ្សព្វផ្សាយខេត្តទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ លោក MAXIM BEHAR បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកបានបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការជួយលើកកម្ពស់កិត្យានុភាពរបស់ខេត្ត តាមរយៈជំនាញផ្នែកទំនាក់ទំនង និងទីផ្សារសាធារណៈរបស់ក្រុមហ៊ុនលោក ជាពិសេសក្នុងការកសាងរូបភាពវិជ្ជមាន (Branding) សម្រាប់ការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអឺរ៉ុប។ […]