ព័ត៌មានជាតិ

‎​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ អង្គភាព​ចំណុះ​សាលាខេត្ត និង​អភិបាល​ក្រុង ស្រុក ទាំង​៩ ពិធី​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាលាខេត្ត យឹម សុខុម ។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានមតិ​ស្វាគមន៍ និង​បើក​អង្គប្រជុំ សាមញ្ញ​លើក​ទី ១៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេ ខេត្ត និង​ពិនិត្យ​មាស​ភាព​ចូលរួម​រួចមក ឯកឧត្តម​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​គ្រប់​លំដាប់ថ្នាក់​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព អោយ​ជាប់​ជាប្រចាំ ព្រមទាំង​បាន​ខិតខំ​ប្រឹង ប្រែ​ង ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​យ៉ាងសកម្ម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​នានា ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម​បាន​យ៉ាង​ល្អប្រសើរ​។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​បាន​លើកឡើង​ថា ទន្ទឹម​និង​នេះ រដ្ឋបាល​ឯកភាព​ខេត្ត បាន​ប្រើប្រាស់​វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប ក្នុង​ការបង្កើន​យុទ្ធនាការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព សំដៅ​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​មួយ​ចំនួន​រួមមាន ក្មេង​ទំនើង គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស អំពើចោរកម្ម​នានា ទទួលបាន​លទ្ធផល គួរឱ្យកត់សម្គាល់ បង្ក​លក្ខណៈ​អំណោយផល នៃ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ ភាព​សុខដុម ជាមួយនឹង​ជីវភាព​សមរម្យ ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​។ ជាមួយគ្នានេះ សូម​គណៈបញ្ជាការ​ឯកភាព​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​អនុវត្ត​វិធានការ ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ករណី​លួច ឆក់ ប្លន់ និង​ករណី​ក្មេង​ទំនើង​ឱ្យ​ជាប់​ជាប្រចាំ​។​

‎​ឯកឧត្តម​បន្តទៀតថា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បងប្អូន​ពលករ​ដែល​បាន​វិលត្រឡប់ មកពី​ប្រទេស​ថៃ​។ រដ្ឋបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​បាន និង​កំពុង​ជួយ​ស្វែងរក​ការងារ​ជូន​ពួកគាត់​។ លើសពី​នេះ​យើង​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កូនចៅ​របស់​ពួកគាត់ ដោយ​ជំរុញ​ឱ្យ​ពួក​គាត់​ចូល​រៀន សម្រាប់​អ្នក​គ្រប់​អាយុ​ចូល​រៀន និង​ជួយ​ឱ្យ​ពួកគាត់​បាន​ចូលរៀន​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​អ្នក​ដែល​លើស​អាយុ​មិន​អាច​ចូល​រៀន​បាន​។ ជាមួយគ្នា​នេះ​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ បាន​ជួយ សម្របសម្រួល និង​រៀបចំ​សៀវភៅ​ស្នាក់នៅ​សៀវភៅ​គ្រួសារ និង​ឯកសារ​អត្រានុកូលដ្ឋាន​ជូន​ពួកគាត់​ផង​ដែរ​។​

 

Leave a Reply

Your email address will not be published.