ក្រចេះ÷ នារសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកំលាំងប្រដាប់អាវុធតាំង៣ប្រភេទ ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត នាយក នាយករង រដ្ឋបាលខេត្ត អភិបាល អភិបាលរងក្រុងស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធាន អនុប្រធាន ការិយាល័យ សិស្សានុសិស្ស និងយុវជន នៅសាលមហោស្រពខេត្តក្រចេះ ។
ការរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធនេះឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន សម្រាប់ប្រទេសជាតិនិងប្រជារាស្ត្ររបស់ព្រះអង្គ ដែលក្នុងការទាមទារបានឯករាជ្យទាំងស្រុង ពីអាណានិគមនិយមបារាំងនិងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីប្រទេសសៀម ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត។ ដោយលោក ម៉ែន បូរិទ្ធ





