កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្ត លោក ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី បើកអង្គសន្និបាតបូកសរុបលទួលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីគណ:អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត និងមន្ត្រីរាជការចូលរួមសរុបប្រមានជា ៤៥០រូប ពិធិនេះដែរប្រារព្ធធ្វើនៅអគារប្រជុំ វ៉ី សំណាង នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ទិត វុទ្ធី អភិបាលរងខេត្ត បានគូរបញ្ជាក់អំពីសភាពការណ៍ និងកិច្ចការងារសំខាន់ៗ ដែលរដ្ឋបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០២៤ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២៤កន្លងមកនេះ ដោយរួមមានការងារចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបាន យ៉ាងល្អប្រសើរ។
ទន្ទឹមនេះ រដ្ឋបាលឯកភាពខេត្ត បានប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ក្នុងការបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយចំនួន ក្មេងទំនើង គ្រឿងញៀន អំពីជួញដូរមនុស្ស អំពើចោរកម្មនានា ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ បង្កលក្ខណៈអំណោយផលនៃសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុម ជាមួយនឹងជីវភាព សមរម្យ ក្នុងដែនសមត្ថកិច្ចខេត្ត។ ហើយរួមកម្លាំងគ្នាឲ្យទៅជាកម្លាំងសរុបឈរលើផ្លូវតែមួយទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវសកម្ម និងបុរេសកម្មដោយយក “ស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះគឺជាក្តីសង្ឃឹមនិង ការចង់បានរបស់ប្រជាជន ក៏ដូចជារបស់រាជរដ្ឋាភិបាល” ដើម្បីសម្រេចចក្ខុវិស័យ ដ៏មានមហិច្ឆតារបស់កម្ពុជា។
ក្រៅពីនេះ រដ្ឋបាលខេត្ត បាននឹងកំពុងអភិវឌ្ឍន៍ខេត្ត ដើម្បីទាក់ទាញវិនិយោគិន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល និងនវានុវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព និងគណនេយ្យ។
លោកបានបញ្ជាក់ផងដែរថា សន្និបាតនឹងធ្វើការបែងចែកជា ៥ក្រុម ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥រួមមាន៖ ប្រធានបទទី១ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រធានបទទី២ “ការពង្រឹងយន្តការដោះស្រាយ ទំនាស់ក្រៅប្រព័ន្ធតុលាការ” ប្រធានបទទី៣ “ប្រសិទ្ធភាពនៃការចុះបញ្ជីអត្តសញ្ញាណកម្ម និង សេវាសាធារណៈ” ប្រធានបទទី៤ “ប្រសិទ្ធភាពនៃការពង្រឹងប្រព័ន្ធគាំពារសង្គមនៅមូលដ្ឋាន” និង ប្រធានបទទី៥ “ការគ្រប់គ្រងធនធានធម្មជាតិ និងសំណល់រឹងរាវ”។ ក្នុងប្រធានបទទាំង៥នេះ គឺតម្រូវឱ្យក្រុមនីមួយៗ ធ្វើការ ពិភាក្សាលើទិដ្ឋភាពច្បាប់ យន្តការ និងគោលការណ៍ក្របខ័ណ្ឌគិតយុត្ត ផ្សាភ្ជាប់នឹងការអនុវត្តនៅតាមមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលពីសមាជិក សមាជិកា នៃអង្គសន្និបាត សម្រាប់បំពេញបន្ថែម លើខ្លឹមសាររបាយការណ៍ និងទិសដៅ រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥ ដើម្បីរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងពេលបន្តិចទៀតនេះ លោកនាយករដ្ឋបាល នឹងអាននូវរបាយការណ៍លទ្ធផលការងារ ដែលរដ្ឋបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០២៤ រួមនឹង បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥ និងក្រុមពិភាក្សា ទាំង៥ ផងដែរ។