ក្រចេះ÷ នាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម សំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន។
វេទិកានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការខេត្ត-ស្រុក និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងវេទិកានេះ បានផ្តល់ឱកាសលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាទាំងមូលចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះ ពីព្រោះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ដើម្បីធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា បកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូន ឱ្យបានចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា ។ ដោយលោក ម៉ែន បូរិទ្ធ





