កំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម បញ្ជាក់បែបនេះគ្រាដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានរបាយការណ៍ដើម្បីផ្តល់ជូនជាវឌ្ឍនភាពសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងដាក់ទិសដៅការងារសម្រាប់ការអនុវត្តបន្តផងដែរ។ រៀបរាប់ក្នុងរបាយការណ៍ ឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលបានលើកឡើងថា “តាមរយៈលទ្ធផលការងារដែលសម្រេចបានខាងលើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមកាងារគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ថ្នាក់ យកចិត្តទុកដាក់បំពេញការងារ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៣ និងបន្តថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារជាច្រើនដែលក្រុមការងារគ្រប់គោលដៅសម្រេចបាន ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស ជាពិសេសជំរុញក្នុងការរៀបចំចុះបញ្ជីដីកម្មសិទ្ធិសហគមន៍ និងរៀបចំស្លាកលេខតាមលំនៅស្ថានរបស់ប្រជាពលរដ្ឋតាមបណ្ដាលក្រុង ឱ្យបានឆាប់បំផុតវានឹងផ្ដល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ។
តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា៕







