ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​

​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ នូវ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ Louise Araneta-Marcos ក្នុងឱកាស​ដែល ឯកឧត្តម និង​លោកជំទាវ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី ៩ ខែ​កញ្ញា ២០២៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​នាពេលនេះ ត្រូវបាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ពី​ប្រមុខរដ្ឋស្តីទី​នៃ​កម្ពុជា ជាមួយ​កងកិត្តិយស​ត្រែទ័ព​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គទូត​នានា នៅ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ប្រតិភូ​សំខាន់ៗ​នៃ​ប្រទេស​ហ្វីលីពីន​ផងដែរ ។​

​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍​ផ្លូវរដ្ឋ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន នឹង​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​តេជោ ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា បន្ទាប់មក​នឹង​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងនោះ​ក៏​មាន​ពិធី​ចុះហត្ថលេខា រួមជាមួយ​នឹង​ការធ្វើ​សន្និសីទកាសែត​រួមគ្នា រវាង ឯកឧត្តម​ប្រធានាធិបតី និង សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ផងដែរ​។​

​តាមរយៈ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន នាពេលនេះ នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​សាមគ្គីភាព​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ប្រទេស​និង​ប្រជាជន កម្ពុជា​-​ហ្វីលីពីន​៕

Leave a Reply

Your email address will not be published.