ព័ត៌មានជាតិ

​សម្តេច​ធិបតី​៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) មាន​អត្ថប្រយោជន៍​ជា​អនេក តែ​ត្រូវ​តែ​បម្រើ​មុខងារ​ក្នុង​គោលដៅ​ត្រឹមត្រូវ

​នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) ដែល​ដឹកនាំ​ដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន និង​សារគមនាគមន៍​ប្រទេស​ព្រុយ​ណេ​ដារូ​សាឡឹម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ខេត្ត​សៀមរាប​។​

​ក្នុងឱកាស​នៃ​ជំនួប សម្តេច​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​២០ នៅ​ខេត្ត​សៀមរាប ដែល​ជា​ទីក្រុង​វ​ប្បធ​ម៍រ​បស់​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​សារៈសំខាន់​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​អនាគត​ដ៏​រុងរឿង ។ ជាមួយគ្នានេះ សម្តេច​ធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យា​មាន​អត្ថប្រយោជន៍​ជា​អនេក ប៉ុន្តែ​បច្ចេកវិទ្យា​ត្រូវតែ​បម្រើ​នូវ​មុខងារ​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​សង្គមជាតិ ហើយ​មុខងារ និង​គោលបំណង​ទាំងអស់​នោះ​ត្រូវ​កំណត់ឡើង​ដោយ​មនុស្ស​។ ដោយឡែក សម្តេច​ធិបតី បាន​សង្កត់ធ្ងន់​ផងដែរ​ថា ប្រសិន​បច្ចេកវិទ្យា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ទិដ្ឋភាព​មិន​ត្រឹមត្រូវ វា​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ច្រើន​ដល់​សង្គមជាតិ​ទាំងមូល រួមមាន​បញ្ហា​ដូចជា បទល្មើស​បច្ចេកវិទ្យា (cybercrime) សន្តិសុខ​សាយ​ប័រ (Cybersecurity) និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) ដែល​នេះ​សុទ្ធតែ​បណ្ដាលមកពី ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​គោលដៅ​មិន​ត្រឹមត្រូវ និង​ខុសច្បាប់​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី បាន​លើកឡើង​ថា ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ច្បាស់លាស់​មាន​សារៈសំខាន់ សម្រាប់​អនុញ្ញាតឱ្យ​ប្រទេសជាតិ ទទួលបាន​អត្ថប្រយោជន៍ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ឱ្យ​បាន​រុងរឿង​បន្ថែមទៀត តាមរយ​:​ការចូលរួម​ពី​បច្ចេកវិទ្យា​។​

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ដល់​ប្រទេស​អាស៊ាន​ទាំងអស់ រួបរួម​គ្នា​ធ្វើការ​ជាមួយគ្នា ហើយ​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​បច្ចេកវិទ្យា​អាច​បំពេញ​តួនាទី​បាន​ល្អប្រសើរ​។

​ជាទី​បញ្ចប់ សម្តេច​ធិបតី បាន​ជូនពរ​គណៈប្រតិភូ​ទាំងអស់ ឱ្យ​ទទួល​បាន​ការ​ស្នាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ក្តី​រីករាយ និង​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចប្រជុំ​ប្រកប​ផ្លែផ្កា​៕

Leave a Reply

Your email address will not be published.