ព័ត៌មានជាតិ

ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឱ្យបាន​ទូលំទូលាយ ដល់​មូលដ្ឋាន ទីប្រជុំជន សាលារៀន ដើម្បី​ជ្រាប​ការយល់ដឹង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

កំពង់ស្ពឺ​៖ បន្ទាប់​ពី​ស្ដាប់​របាយការណ៍​ស្ដី​អំពី​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជំនាញ សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ដោយ​កត្តា​មនុស្ស​ជា​ពិសេស​អ្នកបើកបរ​រថយន្ត ដឹក​កម្មករ​កម្មការិនី​ទៅ​បំពេញការងារ​នៅតាម​គោលដៅ​រោងចក្រ​សហគ្រាស​នី​មួយៗ ដោយ​មាន​ការធ្វេសប្រហែស មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទើប​បណ្ដាលឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ជា​យថាហេតុ​។​

​ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈ​បញ្ជាការឯ​ក​ភាព​ខេត្ត ជាពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​កន្លងមក​។ ហើយ​ឯកឧត្តម​មាន​ប្រសាសន៍ និង​ណែនាំ ដើម្បី​គោរព​ឱ្យបាន​នូវ​ច្បាប់​ចរាចរណ៍ និង​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​សូម​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ពិសេស​អធិការ​ក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ដល់​មូលដ្ឋាន និង​ទីប្រជុំជន ជាពិសេស​សាលារៀន ដើម្បី​យល់ដឹង ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ សូម​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​គោរព​ឱ្យបាន​នូវ​ច្បាប់​ចរាចរណ៍​បើកបរ​ដោយ​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​គ្រប់ៗ​គ្នា នូវ​ស្លាក​សញ្ញា ហើយ​បើកបរ មិន​ក្រោម​ជាតិ​ស្រវឹង និង​បើកបរ​មិនឱ្យ​លើស​ល្បឿន​កំណត់​។​

​ឯកឧត្តម​បាន​បន្តថា​៖ ដោយឡែក​ចំពោះ​មធ្យោបាយ​ធុន​ធ្ងន់​ដែល​មាន​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​សមត្ថកិច្ច​ចរាចរណ៍​តាម​ដងផ្លូវ ឬ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ត្រូវ​ធ្វើ​ការណែនាំ​ឱ្យ​គោរព​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ផ្លូវថ្នល់​មិនមែន​ជា​ឧបសគ្គ​សម្រាប់​យើង​ទាំងអស់​គ្នា​នោះ​ទេ គឺ​កត្តា​មនុស្ស​ជា​អ្នកបង្ក ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ បើកបរ​ដោយ​ការប្រុងប្រយ័ត្ន ទើប​ជីវិត​យើង និង​គ្រួសារ​មាន​សុភមង្គល​ល្អ និង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការព្យាបាល នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ក្រុមគ្រួសារ​មាន​ជីវភាព​ធូរធារ​។​

​ដោយឡែក​ចំពោះ​សមត្ថកិច្ច​ចរាចរណ៍ ដែល​បាន​ឃាត់​រក្សាទុក​នូវ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់ ឬ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស សូម​ជួយ​សម្របសម្រួល ជាមួយ​ចៅក្រម ព្រះរាជអាជ្ញា​សាលាដំបូង និង​រៀបចំ​ឯកសារ ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ដោះ​លែង ជៀសវាង​ការ​ថ្នាំង ថ្នាក់​ពី​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការរង គ​.​ស​.​ច​.​គ និង​ឯកឧត្តម ហន ភក្តី អភិបាលរង ខេត្ត តំណាង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​មាន​វត្តមាន លោក​ចៅក្រម​សាលាដំបូង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក លោកស្រី​តំណាង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ ព័ន្ធ លោក​អភិបាល អភិបាលរងក្រុង​-​ស្រុក លោក​អធិការ អធិការរង​ក្រុង​-​ស្រុក ចូលរួម​ជាច្រើន​នាក់​ទៀត​ផង​ដែរ​៕

 

Leave a Reply

Your email address will not be published.