ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ប្រណាំង​ចំនួន​៧៦​ទូក ប្រព្រឹត្តទៅ ក្នុង​ស្ទឹង​ព្រែក​ត្នោត រយៈពេល ២ ថ្ងៃ​មាន​ភ្ញៀវ​ទេសចរណ៍​មក​ទន្សា​ន្ត​ប្រមាណ​ជាង ៨០​ម៉ឺន​នាក់ ពី​ថ្ងៃ​ទី​០២-០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤

​កំពង់ស្ពឺ​÷ ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា​៖ ការរៀបចំ​នូវ​ពិធី​ប្រណាំង​ទូក នេះ​ធ្វើឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នាពេលខាងមុខ ក៏ដូចជា​ការផ្ដល់​ឱកាស​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត បាន​ទស្សនា​កំសាន្ត និង​សប្បាយ រីករាយ ម្យ៉ាងវិញទៀត គឺ​ដើម្បី​ជ្រើសរើស​ទូក ដែល​មាន​ល្បឿន​លឿន និង​មធ្យម​ទៅ​ចូលរួម ប្រណាំង​នៅក្នុង ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្ត ទៅ​នៅ​ខាង​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​នា​ឱកាស​នោះ​ដែរ​ឯកឧត្តម មានប្រសាសន៍ថា​៖ នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ខេត្ត​កំពង់ស្ពឺ ដែល​បាន​បង្ក​លក្ខណៈ​និង​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ក្នុងនោះដែរ​ឯកឧត្តម មានប្រសាសន៍​លើកឡើង​បន្ថែមទៀតថា ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូក នាពេល​នេះ​មិន​ត្រឹម​តែ​បង្ក​ភាពសប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បង្កើត​នូវ​ប្រាក់ចំណូល​សេដ្ឋកិច្ច​មួយចំនួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ ដែល​ពួកគាត់​លក់ដូរ​ផលិតផល​ផ្សេងៗ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​អញ្ជើញ​មក​លេង​កម្សាន្ត​គាត់​ទិញ​នូវ​ផលិតផល​ទាំងអស់នោះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការប្រណាំង​ទូក​ដែល​បាន​ចូលរួម​ប្រណាំង​ទាំងអស់​ត្រូវបាន​ផ្តល់​ចំណាត់​ថ្នាក់​តាម​ថេរៈវេលា (​ល្បឿន​) ដែល​បាន​អុំ ទាំង​២​ថ្ងៃ ស្មើនឹង ៤​ជើង​។ ទូក​ខ្នាត​អន្តរជាតិ​បុរស​ចំណុះ ២២​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ទូក​ឈ្មោះ រាជ​សី​ជ័យ​បារមី​លោកតា​ត្នោត ជា​ទូក​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត ប្រើ​ថេរវេលា (៨:៤៣.៣៧)​។​

​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ សុវណ្ណ​កែវ​មុន្នី​សាមគ្គី​សែន​ជ័យ ជា​ទូក​របស់ ភូមិ​សុបិន្ត ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ប្រើ​ថេរវេលា (៨:៥១.២៥)​។​

​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ ត្រពាំង​គង​មានជ័យ​បារមី​តា​ព្រហ្ម ជា​ទូក​របស់​មណ្ឌល​សុខ ភាព​មរតក​តេជោ​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​ក្រាំង​អំពិល ប្រើ​ថេរវេលា (៩:០០.២០)​។​

​ក្នុង​នោះ​រដ្ឋបាល​ខេត្ត​បាន​ឧបត្ថម្ភ​ដល់ ទូក​ខ្នាត​អន្តរជាតិ​ទទួល​បាន​ជ័យលាភី​លេខ 1 ទទួលបាន​ថវិកា 3 លាន 60 ម៉ឺន​រៀល​។ ជ័យលាភី​លេខ 2 ទទួលបាន​ប្រាក់ឧបត្ថម្ភ 2 លាន 5 សែន​រៀល ជ័យលាភី​លេខ 3 ទទួលបាន 2 លាន​រៀល​។​

​ឧបត្ថម្ភ​ទូកផ្កាចារ​បុរស​ចំណុះ 8 នាក់​ទទួល​ជ័យលាភី​លេខ 1 ទទួលបាន 1​លាន 60 ម៉ឺន​។ ជ័យលាភី​លេខ 2 ទទួលបាន 1 លាន 2 សែន​រៀល ជ័យលាភី​លេខ 3 ទទួលបាន 80 ម៉ឺន​រៀល​។​

​ឧបត្ថម្ភ​ទូកផ្កាចារ​បុរស​ចំណុះ 12 នាក់​ទទួល​ជ័យលាភី​លេខ​1 ទទួលបាន 2 លាន​រៀល​។ ជ័យលាភី​លេខ 2 ទទួលបាន 1​លាន 5 សែន​រៀល ជ័យលាភី​លេខ 3 ទទួល​បាន​មួយ​លាន​រៀល​។​

​ឧបត្ថម្ភ​ទូកផ្កាចារ​នារី​ចំណុះ 12 នាក់​ទទួល​ជ័យលាភី​លេខ 1 ទទួលបាន​ថវិកា​2​លាន​រៀល​។ ជ័យលាភី​លេខ 2 ទទួលបាន 1​លាន 5 សែន​រៀល ជ័យលាភី​លេខ 3 ទទួលបាន 1​លាន​រៀល​។​

​ឧបត្ថម្ភ​ទូក​ខ្នាត​អន្តរជាតិ​ទទួល​ជ័យលាភី​សោភ័ណភាព​លេខ​1 បាន​1 លាន 2 សែន​រៀល​។​ជ័យលាភី​លេខ 2 ទទួលបាន​ថវិកា 1​លាន​រៀល​។​

​ឧបត្ថម្ភ​ទូក​ខ្នាត​អន្តរជាតិ​កិត្តិយស​ចំនួន​២​ទូក ក្នុង​ទូក​នីមួយៗ​ទទួលបាន​ថវិកា 1​លាន 5 សែន​រៀល​ឧបត្ថម្ភ​ទូក​ខ្នាត​អន្តរជាតិ​មិន​ទទួល​ជ័យលាភី​ចំនួន 4 ទូក ក្នុង​ទូក​នីមួយៗ​ទទួលបាន 1 លាន​រៀល​។ ឧ​ប​ត្ត​ម​ទូ​កាចារ មិន​ទទួលបាន​ជ័យលាភី​ចំនួន 40 ទូក ក្នុង​ទូក​នីមួយៗ​ទទួលបាន​ថវិកា 5 សែន​រៀល​។ ឧបត្ថម្ភ​ទូកត្នោត​ទទួល​ជ័យលាភី​លេខ 1 ទទួលបាន​ប្រាក់ឧបត្ថម្ភ 30 ម៉ឺន​រៀល ចំណែកឯ​ទូក​មិន​ទទួលបាន ជ័យលាភី ចំនួន 5 ទូក ទូក​នីមួយៗ​ទទួលបាន​ថវិកា​ព​2​សែន​រៀល​ឧបត្ថម​ទូក​ខ្ទះ​បុរស​ទទួល​ជ័យ​លេខ​ភី​លេខ 1 ទទួល​ថវិការ​បាន 30 ម៉ឺន​រៀល ឧបត្ថម​ទូក​ខ្ទះ​បុរស មិន​ទទួលបាន​ជ័យលាភី ចំនួន 9 ទូក ក្នុង​នីមួយៗ​ទទួលបាន 20 ម៉ឺន​រៀល និងឧ​ប​ត្ត​មទូក​ខ្ទះ​នារី​ក្នុង​ទូក​នីមួយៗ​ទទួលបាន 200 000 រៀល​។ ក្នុងនោះ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​មុខងារសាធារណៈ ហ៊ុន ម៉ា​នី ក៏​បាន​ឧបត្ថម្ភ​ថវិកា​ទៅដល់​ចំណុះ​ទូក​នីមួយៗ ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​ពី 20 ម៉ឺន​រៀល​រហូតដល់ 60​ម៉ឺន​រៀល​។​

​តែបើ​យោងតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា​÷ ភ្ញៀវទេសចរ​មកលេង​កំសាន្ត និង​ទស្សនា​ពិធី​តាំង​ពិ​ពណ៌​ប្រគុំ​តន្ត្រី និង​ប្រណាំងទូក​ខេត្ត​កំពង់ស្ពឺ​រយ​:​ពេល​២​ថ្ងៃ មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ប្រមាណ ៨១១,៨២៣​នាក់ ប្រៀបធៀប ឆ្នាំ ២០២៣​ចំនួន ៤១៥,៨៦៣​នាក់ កើនឡើង ៩៥%

-​ភ្ញៀវ​ជាតិ ៨០៩,៦៨៥​នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មាន​ចំនួន ៤១៤,១៨១​នាក់ កើនឡើង ៩៥%
-​អន្តរជាតិ ២,១៣៨​នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មាន​ចំនួន ១,៦៨២​នាក់ កើនឡើង ២៧%

​គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្ងៃទី​០២-០៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ តំណាង​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ហ៊ុន ម៉ា​នី ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតីភាព​បើក និង​បិទ​បញ្ចប់​នៃ​កម្មវិធី ប្រណាំង​ទូក ខេត្ត​កំពង់ស្ពឺ​រយៈពេល​ពីរ​ថ្ងៃទី ០២-០៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ផងដែរ​៕​

 

Leave a Reply

Your email address will not be published.