សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “ការវិនិយោគលើវិស័យអប់រំ គឺជាការបណ្តុះទស្សនៈវិជ្ជមាន និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់និស្សិតផ្ទាល់ផង និងជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសផងដែរ។” ក្នុងន័យនេះ ចំណេះដឹង គឺជាអំណាចធំធេងណាស់ ព្រោះចំណេះដឹងអាចឱ្យយើងមានសមត្ថភាពក្នុងភាពម្ចាស់ការ និងឯករាជ្យ៖ ១/ ការធ្វើសេចក្តីសម្រេចចិត្ត និងការកំណត់អនាគតរបស់ខ្លួន ២/ ការពង្រីកសមត្ថភាពដើម្បីចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស និង៣/ ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិន។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ដល់និស្សិត និងអង្គពិធីបន្ថែមផងដែរថា “ការរក្សាបានទស្សនៈវិជ្ជមាន គឺជាជំហានឈានទៅចាប់យកអាជីព និង ជីវិតវិជ្ជមាន”។ ក្នុងន័យនេះ ការដាក់គោលដៅវិជ្ជមានរបស់ប្អូនៗនិស្សិត ទើបអាចបញ្ចប់ការសិក្សាដោយជោគជ័យថ្ងៃនេះ ហើយការបញ្ចប់ការសិក្សាថ្ងៃនេះ គឺនឹងអាចទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក ទៅថ្ងៃអនាគត។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអបអរសាទរនូវភាពជោគជ័យថ្ងៃនេះទៅដល់ភាគីសំខាន់ៗ ដូចជា៖ និស្សិតជ័យលាភីផ្ទាល់, ឪពុកម្តាយ និង អាណាព្យាបាល ដែលទទួលបានកិត្តិយស និងធនធានមនុស្សសម្រាប់គ្រួសារ, សាស្ត្រាចារ្យ បុគ្គលិកអប់រំ គណៈគ្រប់គ្រង និងគ្រឹះស្ថានអប់រំ ដែលអាចបណ្តុះបណ្តាលធនធានមនុស្សបន្ថែមជូនប្រទេសជាតិ។ ជាពិសេស គឺអបអរសាទរដល់កម្ពុជា ដែលទទួលបានធនធានមនុស្ស ប្រកបដោយបញ្ញាញាណ និងជាគ្រឹះក្នុងការជួយអភិវឌ្ឍសង្គមជាតិឱ្យកាន់តែល្អប្រសើរ និងសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចេរភាព។
បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ក្រុមការងារ និង ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយភាពជោគជ័យ, សុខសុវត្តិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលទទួលបានការកើនឡើង ទោះបីជាមានការចុះផ្សាយព័ត៌មានអវិជ្ជមាន ឬមិនពិតពីកម្ពុជា ក្តី ក៏ចំនួនភ្ញៀវទេសចរ និងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ គឺបានបង្ហាញច្បាស់ពីការជឿទុកចិត្ត និងបញ្ជាក់យ៉ាងច្បាស់អំពីសុខសុវត្ថិភាព និងស្ថេរភាពរបស់កម្ពុជា ដែលអាចឱ្យពួកគាត់មកកំសាន្តប្រកបដោយស្នាមញញឹម និង ភាពកក់ក្តៅ។
អ្វីដែលមិនអាចបំភ្លេចបានផងដែរ ក្រសួងទេសចរណ៍ និងមន្ត្រីដែលពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាជនខ្មែរ រួមទាំងអ្នកដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម (Social Influencer) ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍, ទីកន្លែងទាក់ទាញ និងការពិតរបស់កម្ពុជា ដែលជាកត្តាជំរុញយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកផង និងកម្ពុជាខ្លួនឯងផង និងបានធ្វើឱ្យភ្ញៀវទេសចរកើនឡើង។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបញ្ជាក់ច្បាស់ថា “រាជរដ្ឋាភិបាល មិនធ្វើការបកស្រាយ ឬប្រតិកម្មភ្លាមៗ ចំពោះករណីចោទប្រកាន់រឿងកោះគុត ព្រោះរាជរដ្ឋាភិបាលប្រកាន់នូវគោលការណ៍សំខាន់ ២ គឺ៖ (១). ភាពចាស់ទុំខាងនយោបាយ និង (២). ភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះអធិបតេយ្យ និងផលប្រយោជន៍ជាតិ និងប្រជាជន។”
គោលការណ៍ទី ១ នៃភាពចាស់ទុំខាងនយោបាយ ដោយអនុវត្ត៖ ១/ ប្រកាន់គោលការណ៍ មិនយកភ្លើងចូលផ្ទះ, ២/ ប្រកាន់យន្តការចាស់ទុំ ឈរលើយន្តការព្រំដែន និងច្បាប់ដែលកំណត់ជាធរមាន ដោយបានឯកភាពគ្នា៖ ១. JBC និង ២. JTC និង៣/ ផ្អែកលើមូលដ្ឋានជាក់ស្តែងនិយម តាមរយៈការស្រាវជ្រាវឱ្យច្បាស់អំពីហេតុ និងផល។ គោលការណ៍ទី ២ នៃភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះអធិបតេយ្យ និងផលប្រយោជន៍ជាតិ និងប្រជាជន គឺ៖ ១/ ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងអធិបតេយ្យឱ្យបានដាច់ខាត, ២/ ប្រកាន់ជំហរការដោះស្រាយដោយសន្តិវិធី ជៀសវាងការប្រើហឹង្សា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងយន្តការច្បាប់កិច្ចការព្រំដែនជាធរមាន និង៣/ រាជរដ្ឋាភិបាល និងលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការចរចាជាមួយភាគីថៃ និងគណៈកម្មាធិការព្រំដែន ៕