ព័ត៌មានជាតិ

លោក​មេឃុំ និង​ប្រជាពលរដ្ឋ​ចំនួន​៧​ភូមិ ក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ពួក គាត់​ជាង​៧០០​ហិកតា​រង​នូវ​ការ​ក្រៀម​ស្វិត​ឲ្យ​រស់​ឡើង​វិញ​បាន​ទាន់​ពេលវេលា​

កំពង់ឆ្នាំង ៖ ដោយសារ​តែ​មួយ​រយៈ​នេះ នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជួប​ប្រទះ​ការខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ក្នុង​ភូមិសាស្ត្រ​ជាច្រើន​ទីតាំង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម អភិបាលខេត្ត និង​មន្ទីរ​ធនធានទឹក​រួម​ទាំង​ក្រុម​ការងារ​និង​អាជ្ញាធរ​មូលដ្ឋាន​មមាញឹក​ក្នុង​ការចុះពិនិត្យ​និង​រិះរក​គ្រប់​វិធី​ដើម្បី​ដាក់​គ្រឿងចក្រ​ជីក​កកាយ​ប្រឡាយ​បង្ហូរទឹក និង​ដាក់​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ​នៅ​តាម​បណ្ដា​ទីតាំង​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវប្រាំង ដោយ​បូម ទឹក​ពី​បឹង ឬ​ទន្លេ​នាំមក​ស្រោចស្រព​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេល​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤​នេះ ឯកឧត្តម អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ជាង​៧០០​ហិកតា​ស្ថិតនៅ​ក្នុង​ឃុំ​ខុន​រ៉ង់ ស្រុក​បរិបូណ៌ ដែល​កំពុង​ជួបប្រទះ​នូវ​ការ​ក្រៀម​ស្វិត​ដោយសារតែ​មិន​មាន​ទឹក​ស្រាច​ស្រព​។​បន្ទាប់ពី​លោក អភិបាលខេត្ត និង​លោក ប្រធាន​មន្ទីរ​ធនធានទឹក​រួម​និង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​នៅ​ភូមិសាស្ត្រ​ទីតាំង​ខាងលើនេះ​រួចមក ឯកឧត្តម អភិបាល ខេត្ត​ក៏​បាន​សម្រេច​បញ្ជូន​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ជីក​ប្រឡាយ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៣​ពាន់​ម៉ែត្រ និង​ដាក់​ម៉ាស៊ីនបូមទឹក​ធន់​ធំ ដើម្បី​នាំ​ទឹក​ពី​ទន្លេ​យកមក​ស្រោចស្រប​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ក្រៀម​ស្វិត ចំនួន​ជាង​៧០០​ហិកតា​។​

​លោក លន់ គង់ មេឃុំ​ឃុន​រ៉ង់ ក្នុង​ស្រុក​បរិបូណ៌​បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​មករា ឆ្នាំ​២០២៤​នេះ​ឲ្យដឹងថា បន្ទាប់ពី​លោក និង​ក្រុមប្រឹក្សា​ឃុំ​រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ស្រុក​ចុះ​មូលដ្ឋាន​ឃុំ​ខុន​រ៉ង់​ចុះ​ពិនិត្យ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ភូមិ ក្នុង​ឃុំ​របស់​លោក​មាន​ចំនួន​ជាង​៧០០​ហិកតា ដែល​រង​នូវ​ការ​ក្រៀម​ស្វិត​ដោយ សារ​ការខ្វះខាត​ទឹក​ស្រោចស្រព លោក​ក៏​បាន​ដាក់សំណើ​ស្នើសុំ ទៅ​ឯកឧត្តម អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ឆ្នាំង​ជា​បន្ទាន់​ផងដែរ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ទីរ​ធនធានទឹក​ជួយ​ស្ដារ​ប្រឡាយ និង​ដាក់​ម៉ាស៊ីនបូមទឹក​ធន់​ធំ ដើម្បី​ធ្វើ​ការសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ឲ្យបាន​ទាន់​ពេលវេលា​។​

​លោក​បាន​បន្តថា បន្ទាប់​ពី​សំណើ​របស់​លោក​បាន​ទៅ​ដល់​ឯកឧត្តម អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ឆ្នាំង​ហើយ​នោះ កាលពី រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤​នេះ ឯកឧត្តម អភិបាលខេត្ត និង​ក្រុមការងារ រួមទាំង​មន្ទីរ​ធនធានទឹក​បាន​ចុះ​មក​ពិនិត្យ​ទីតាំង​ស្រូវ​ប្រឹង​ដែល​រង​ការ​ក្រៀម​ស្វិត​ខាងលើនេះ​ជាក់ស្ដែង ក្នុងនោះដែរ​ឯកឧត្តម អភិបាល ខេត្ត​ក៏​បាន​សម្រេច​បញ្ជូន​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ដើម្បី​ធ្វើការ​ជីក​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​ដែល មាន​ប្រវែង​ជាង​២.៥០០​ម៉ែត្រ ដែល​ប្រឡាយ​នេះ​គម្រោង​ស្ដារ​មាន​ទទឹង ៥ ម៉ែត្រ​និង​ជម្រៅ​៣​ម៉ែត្រ និង​ប្រឡាយ​មួយ​ខ្សែ​ទៀត​ត្រូវ​ជីក​នាំ​ទឹក​ពី​មាត់​ទន្លេ​មក ដែល​មាន​ប្រវែង​ជាង​១.០០០​ម៉ែត្រ ប្រឡាយ​មួយ​ខ្សែ​នេះ​ដែរ​គឺ​សម្រាប់​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ចរាចរណ៍​ទូក​កាណូត​របស់​ពួកគាត់​ដើម្បី​យក​មក​រក្សាទុក​មូលដ្ឋាន​របស់​ពួកគាត់​ផងដែរ​។​

​ជួសមុខ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខុន​រ៉ង​ទាំងអស់​លោក​សូម​គោរព​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម អភិបាលខេត្ត ដែល​ជា​ថ្នាក់ដឹកនាំ​ដ៏​ល្អ​ចេះ​ជួយ​យក​អាសារ​ប្រជាពលរដ្ឋ​ទៅ​តាម​តម្រូវការ​ចាំបាច់​របស់​ពួកគាត់​បាន​ទាន់ពេលវេលា និង​ក្រុមការងារ​របស់​មន្ទី​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ដែល​ឯកឧត្តម​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការសង្គ្រោះ​ស្រូវ ប្រាំង​របស់​ពួកគាត់​ដែល​កំពុង​រង​នូវ​ការ​ក្រៀម​ស្វិត​រហូត​ទៅ​ដល់​ជាង​៧០០​ហិកតា​ខាងលើ​នេះ​ឲ្យ​រស់​ឡើង​វិញ​សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការដោះស្រាយ​ជីវភាព​គ្រួសារ​របស់​ពួកគាត់​៕

Leave a Reply

Your email address will not be published.