ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​អាស៊ី ប្ដេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ក្នុង​ការគាំទ្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ជាមួយ លោកស្រី Laurel E. Miller ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​មូលនិធិ​អាស៊ី ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​មូលនិធិ​អាស៊ី​បាន​ក្លាយជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា មកដល់ពេលនេះ​មាន​រយៈពេល​៣០​ឆ្នាំ គឺ​នៅ​ឆ្នាំ​១៩៩៣ ចាប់តាំងពី​ប្រទេស​កម្ពុជា​មិន​ទាន់​ស្គាល់​សន្តិភាព​ពេញលេញ​នៅឡើយ​។​

​ក្នុងឱកាស​នៃ​ជំនួប លោកស្រី លូ​រាល់ មី​លឺ (Laurel. E Miller) ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​អាស៊ី បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ដោយ​សង្ខេប អំពី​ការងារ​សំខាន់ៗ​របស់​អង្គការ​មូលនិធិ​អាស៊ី ដែល​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​ចំនួន​២០ ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក្នុង​រយៈពេល​៧០​ឆ្នាំ កន្លងមក និង​វឌ្ឍនភាព​ការងារ​នៃ​ភាព​ជា​ដៃគូ​របស់​អង្គការ​មូលនិធិ​អាស៊ី នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំកន្លងមក​។ ដោយ​មាន​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​អង្គការ​មូលនិធិ​អាស៊ី និង​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី​នាយក​ប្រតិបត្តិ​បាន​ប្ដេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ត​ទៀត ជាពិសេស តាមរយ​:​ការចូលរួម​គាំទ្រ​ដល់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​អាទិភាព​គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​។

​សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី ចំពោះ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ចែករំលែក​អំពី​អាទិភាព និង​ទស្សនៈវិស័យ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ សំដៅ​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​បន្ត​កសាង​មូលធន​មនុស្ស ដែល​ជា​មូលដ្ឋាន​នៃ​ការជំរុញ​អភិបាលកិច្ច កំណើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​ដែល​កម្មវិធី​របស់​អង្គការ​មូលនិធិ​អាស៊ី នៅ​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​។ លោកស្រី​នាយក​ប្រតិបត្តិ​ក៏បាន​ឯកភាព​ជាមួយ​សម្តេច​ធិបតី​ថា ការអភិវឌ្ឍ​មូលធន​មនុស្ស​គឺ​ពិតជា​ស្នូល​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស និង​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិកា​រដល់​បុគ្គលិក​បម្រើកា​ររបស់​អង្គកា​រ​មូលនិធិ​អាស៊ី​៕

Leave a Reply

Your email address will not be published.