ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិ​ប​តី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ «​ស្ពាន​អាកាស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​»

នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិ​ប​តី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន ប្រសព្វ​ជាមួយនឹង​ផ្លូវជាតិ​លេខ ២ ស្ថិត​នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ហើយ​ស្ពាន​អាកាស​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម ថា «​ស្ពាន​អាកាស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​» ។​

​មានប្រសាសន៍​នៅក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ​នេះ គឺជា​គម្រោង​ថ្មី​បន្ថែម​មួយទៀត សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​បាន​កើតចេញ​ពី​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ «​យក​ទីក្រុង​ចិញ្ចឹម​ទីក្រុង ឬ យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» តាមរយៈ​ការប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​កោះនរា​មួយផ្នែក និង​មួយ​ផ្នែក​ទៀត បានមក​ពី​ការ​បង្វែរ​កញ្ចប់​ថវិកា​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស គង់ សំអុល សម្រាប់​យក​មក​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​នេះ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​លំហូរ​ចរាចរ​ក្នុង​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ និង​ដើម្បី​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​នៃ​គម្រោង​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ និង​គម្រោង «​ព្រែកជីក​ហ្វូណន​-​តេ​ជោ​» ឱ្យ​កាន់តែ​មាន​ភាព​ប្រទាក់​ក្រឡា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ។​

​ក្នុង​ពិធី​នោះ​ផង​ដែរ សម្តេច​ធិបតី បាន​ផ្ដល់​នូវ​ទស្សនៈ និង​អនុសាសន៍​មួយ​ចំនួន​ដល់​ក្រសួង​-​ស្ថាប័ន​ជំនាញ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​ឱ្យ​កាន់តែ​ទំនើប និង​ឆ្លើយតប​ទៅ​នឹង​ការកើនឡើង​នៃ​នគរូបនីយកម្ម ដែល​ក្នុងនោះ​រួមមាន​៖

​ទី​១. បន្ត​អនុវត្ត​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ទីក្រុង​ដោយ​ឈរលើ​គោលការណ៍​ជា​អាទិភាព ២ គឺ ១). បង្កើនល្បឿន​ការអភិវឌ្ឍ​ទីក្រុង ដោយ​ត្រូវ​ដើរ​ឱ្យ​បាន​មុន​សេចក្តីត្រូវការ​របស់​ប្រជាជន និង​បង្កើន​ការវិនិយោគ​ស្របតាម​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​រាជធានី​ភ្នំពេញ​ឆ្នាំ ២០៣៥ និង ២). ផ្តើម​គិតពី​កិច្ចការ​សាងសង់​សំណង់​នីមួយៗ​ឱ្យស្រប​តាម​ការវិវត្ត​នៃ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ ។

​ទី​២. បន្ត​សិក្សា​បន្ថែម​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដែល​មាន​លក្ខណៈ​ទំនើប វ័យ​ឆ្លាត និង​សន្សំសំចៃ​ខ្ពស់ លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ ដូចជា ការបំពាក់​កាមេរ៉ា​សុវត្ថិភាព អំពូល​សូ​ឡា និង​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​នៅ​តាម​សួនច្បារ​សាធារណៈ ដើម្បី​ឱ្យ​ទីក្រុង​របស់​យើង​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ប្រណីត ស័ក្ដិសម​ជា​ទីក្រុង​ឆ្លាត​អាស៊ាន​។

​ទី​៣. បង្កើន​ការដាំដុះ​គម្រប​បៃតង​ក្នុង​ទីក្រុង ដើម្បី​កាត់បន្ថយ​កម្ដៅ និង​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាពិសេស​នៅ​តាម​តំបន់​ការដ្ឋាន​ដែល​ត្រូវ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ថ្មីៗ ។

​ទី​៤. បន្ត​ខិតខំ​ជំរុញ​ការអនុវត្ត​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង នៅ​តំបន់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទីក្រុង​របស់​យើង​កាន់តែ​មាន​ភាព​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ។ ទន្ទឹមនេះ បន្ត​ចុះ​ពិនិត្យ​ដោះស្រាយ​ប្រព័ន្ធ​បណ្ដាញ​លូ អណ្ដូង​លូ និង​ប្រឡាយ​រំដោះ​ទឹក ព្រមទាំង​ត្រៀម​ជាស្រេច ដើម្បី​ធ្វើ​អន្តរាគមន៍​ចំពោះ​ករណី​ជំនន់​ទឹកភ្លៀង និង​ប្រធាន​សក្តិ​នានា ដែល​អាច​កើតមាន​ជាយថាហេតុ ។

​ទី​៥. បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ដែល​ជា​អាទិភាព​គន្លឹះ​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​សន្តិសុខ និង សណ្ដាប់ធ្នាប់​សាធារណៈ (​បង្ក្រាប​ចោរ​ឆក់ ចោរលួច ចោរប្លន់ និង ក្មេង​ទំនើង​ទាំង​តាម​សាលារៀន និង ក្នុង​សហគមន៍ ។ ល ។​) ធានា​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យ​បាន​ល្អប្រសើរ ពោល​គឺ ត្រូវ​បន្ត​ចាត់វិធានការ​ឱ្យបាន​ជា​ប្រចាំ និង​ជាប់​មិន​ដាច់​ដូច​ភ្លៀងរលឹម ដោយ​មិន​ត្រូវ​លើកលែង​ឡើយ ។ និង​

​ទី​៦. បន្ត​យកចិត្តទុកដាក់​រំដោះ​ចញ្ចើមផ្លូវ​ក្នុង​ទីក្រុង​ឱ្យខាងតែបាន ដើម្បី​សម្រួល​ចរាច​រណ៍ និង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​។ បន្ថែម​លើ​នេះ ចំពោះ​ការកកស្ទះ​ចរាច​រណ៍​នៅ​ម៉ោង​ត្រូវ​ទៅ និង ចេញពី​បម្រើ​ការងារ (Rush Hour) រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ដាក់​កម្លាំង​នគរបាល​សម្រួល​ចរាច​រណ៍ ជូន​ប្រជាពលរដ្ឋ​រហូតដល់​ស្ថានភាព​ចរាចរណ៍​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ទើប​ដក​កម្លាំង​ចេញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។​

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ក៏​ដូចជា​បណ្ដា​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ផ្ដល់​កិច្ចសហការ​ល្អ​ជាមួយ​គ្នា និង​សម្របសម្រួល​រាល់​កិច្ចការ​ទាំងឡាយ រហូត​ឈានដល់​ការបើក​ការដ្ឋាន​សាងសង់​គម្រោង​ស្ពាន​អាកាស​នេះ ៕

 

Leave a Reply

Your email address will not be published.