(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលដឹកនាំដោយឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន នាយសេនាធិការ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នារសៀលចុសប្តាហ៍នេះ ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង នាយការិយាល័យ ផ្នែក ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានមានប្រសាសន៍ថា កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលបានអញ្ជើញមកកាន់ទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាឱកាសពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការមួយដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ហើយលោកមេបញ្ជាការ ក៏បានជូនពរដំណើរបំពេញទស្សនកិច្ចរបស់កងកម្លាំងការពារព្រំដែនចន្ទបុរី-ត្រាត ឲ្យទទួលបានជោគជ័យ និងប្រកបដោយសុខសុវត្ថិភាព។
ឆ្លើយតបក្នុងពិធីនេះ លោកឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងដិតដល់ចំពោះគណ:ប្រតិភូកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ក្នុងដំណើរទស្សនកិច្ចសិក្សាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាតនៅពេលនេះ៕