ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤»​។​

«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស​មេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដឹក​មុខ​ក្នុង​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិការណ៍​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុងតែ​បន្ត​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់​។​

«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ត្រូវបាន​រៀបចំឡើង​ដោយ​ឈរ​លើ​ទស្សនទាន​គោល​ចំនួន​៤​រួមមាន​៖
​ទី​១៖ កែប្រែ​មុខមាត់​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដែល​មាន​មូលដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែក​លើ​ឧស្សាហកម្ម​, ទេសចរណ៍ និង​ការវិនិយោគ​
​ទី​២៖ ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង ដែល​ផ្តល់​លទ្ធផល​រហ័ស​
​ទី​៣៖ ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ជាក់ស្តែង ដែល​មាន​លក្ខណៈ​ជា​ការបំពេញបន្ថែម​ប្រកប​ដោយ​សង្គតិភាព ទៅ​នឹង​គោលនយោបាយ និង យុទ្ធសាស្ត្រ​នានា របស់​រាជរដ្ឋាភិបាល​

​ទី​៤៖ បង្កើន​ល្បឿន​នៃ​ការធ្វើ​បរិវត្ត​កម្ម និង ការអភិវឌ្ឍ​ឧស្សាហកម្ម ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យមាន​តម្លៃ​បន្ថែម និង មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់ ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី សម្រេចបាន​លទ្ធផល​ការងារ​ជា​បន្តបន្ទាប់ ដែល​បង្ហាញឱ្យឃើញ​ពី​កិច្ចប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​។ សម្តេច​បាន​មានប្រសាសន៍​ទៀតថា កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤​នេះ ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ការវិនិយោគ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​នានា ដែល​កំពុង​ប្រឈម និង​កំពុង​ជាប់គាំង ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ឈានមុខ ក្នុង​ការបង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​ប្រសើរ​។ សម្តេច​បាន​ថ្លែង​ទៀតថា «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤» ជា​ជំហាន​ជាក់ស្តែង​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ជា​គោលដៅ​ពិសេស​សម្រាប់​ការដោះស្រាយ ដូច្នេះ​ហើយ​បាន​រាជរដ្ឋាភិបាល​ដាក់ចេញ​កម្មវិធី​ពិសេស​ក្នុង​ខេត្ត​ទាំងពីរ​នេះ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកាត់បន្ថយ​តម្លៃ​ឡូ​ជី​ស្ទីក និង​ការស្តារ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ នឹង​ជួយ​ដល់​ការវិនិយោគ និង​បញ្ហា​នៅ​តំបន់​ដទៃ​បាន​។ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យមាន​ប្រសិទ្ធភាព ត្រូវ​ប្រើ​យន្តការ​ជួយ​ពី​ថ្នាក់ជាតិ​។ កម្ពុជា​កំពុង​ពិចារណា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​សម្រាប់​តែ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​តែ​មួយ​។ កម្ពុជា​ត្រូវ​រៀបចំ​គោលនយោបាយ និង​លក្ខខណ្ឌ​វិនិយោគ​ឱ្យ​សមស្រប និង​បត់បែន​ទៅតាម​ការចង់បាន​របស់​អ្នកវិនិយោគ​។

Leave a Reply

Your email address will not be published.