ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​

​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​កងកម្លាំង​របស់​ជាតិ មន្ត្រីនគរបាល​ទាំងអស់ ទោះបី​មាន​ឋានន្តរស័ក្ដិ និង​តួនាទី​ខុស​គ្នា​បែបណាក៏ដោយ គឺ​ត្រូវតែ​មាន​ស្មារតី​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់​។ ជា​ពិសេស​ការសុំ​ច្បាប់ ត្រូវអនុវត្ត​តាម​អនុក្រឹត្យ​ស្តីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រទេស របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៤​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​អគារ S នៃ​ទីស្តីការ​ក្រសួង​ម​ហ​ផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ទៅ​កាន់​ប្រធាន​អង្គភាព​នគរបាល​ទាំងអស់ ត្រូវ​ពន្លឿន​ការផ្សព្វផ្សាយ​អនុក្រឹត្យ​នេះ បន្ត​ទៅ​កាន់​មន្ត្រីក្រោមឱវាទ ឱ្យបាន​យល់ដឹង​ច្បាស់ និង​ត្រូវ​ធានាថា អនុក្រឹត្យ​នេះ នឹង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​អនុក្រឹត្យ​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិសេស​លើ​ការពង្រឹង​គុណភាព​ធន​ធាន​មនុស្ស និង​សម្រាប់​ក្រសួង​មហាផ្ទៃ​ផ្ទាល់ ក្នុង​ការពង្រឹង​វិន័យ​កងកម្លាំង​នគរបាលជាតិ​។ ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​រលឹក​ជាថ្មីទៀត ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ជាតិ បន្ត​ពង្រឹង​វត្តមាន​បំពេញការងារ អភិវឌ្ឍន៍​សមត្ថភាព​ជា​ប្រចាំ ដើម្បី​ធានា​ផ្ដល់​សេវា​រដ្ឋបាល និង​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​។

​ក្នុងចំណោម​អនុសាសន៍​សំខាន់ៗ​ជាច្រើន​ទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ណែនាំ​អគ្គនាយកដ្ឋាន​ធនធានមនុស្ស ពន្លឿន​ការប្រជុំពិនិត្យ​ផ្ដល់យោបល់​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​សិទ្ធិ​អនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​សម្រាប់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ឱ្យបាន​មុន​ដាច់​ឆ្នាំ​២០២៤​។ ដោយឡែក​បណ្ឌិត្យសភា​ន​គរ​បាល​កម្ពុជា ត្រូវ​បញ្ចូល​ខ្លឹមសារ​អនុក្រឹត្យ​នេះ​ទៅ​ក្នុង​កម្មវិធីសិក្សា ឬ​រៀបចំ​ជា​បទ​បាឋកថា ដើម្បី​ឱ្យ​និស្សិត សិក្ខាកាម​  និង​សិស្ស​នគរបាល​គ្រប់​កម្រិត និង​គ្រប់​ជំនាន់ បាន​យល់ដឹង​អំពី​របប​នៃ​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​។​

​សូមបញ្ជាក់​ថា ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការធ្វើ​បទ​បង្ហាញ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធានមនុស្ស នៃ​ក្រសួង​មហាផ្ទៃ​។ បើ​តាម​ឯកឧត្តម​អគ្គនាយក អនុក្រឹត្យ​នេះ មាន ៨​ជំពូក និង ២១​មាត្រា មាន​គោលបំណង​កំណត់​ឱ្យបាន​ច្បាស់​អំពី​របប​នៃ​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា និង​ធានា​នូវ​និរន្តរភាព​ការងារ ព្រមទាំង​លើកកម្ពស់​សុខុមាលភាព​របស់​មន្ត្រីនគរបាល​ជាតិ​។

​យោង​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ មន្ត្រីនគរបាល​ជាតិ​កម្ពុជា ដែល​បាន​តាំង​ស៊ុប​ក្នុង​ក្របខ័ណ្ឌ មាន​សិទ្ធិ​ទទួលបាន​ច្បាប់​ឈប់សម្រាក ចំនួន ១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ក្នុង​មួយ​ឆ្នាំ ដោយ​អាច​ស្នើសុំ​មួយ​លើក ឬ​ច្រើន​លើក ខណៈ​មន្ត្រីនគរបាល​ជាតិ​ជា​ស្ត្រី ត្រូវបាន​អនុញ្ញាត​ច្បាប់ឈប់​សម្រាកលំហែ​មាតុភាព​រយៈពេល​៣​ខែ​។ អនុក្រឹតនេះ ក៏​បាន​ចែង​អំពី​លក្ខខណ្ឌ​នៃ​ការសុំ​ច្បាប់​ឈប់​រយៈពេល​ខ្លី ច្បាប់​ឈប់​សម្រាក​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ និង​ច្បាប់​ឈប់សម្រាក​ដោយមាន​កិច្ចការ​ផ្ទាល់ខ្លួន​។

​ក្រៅពី​នេះ​អនុក្រឹត្យ ក៏​បាន​កំណត់​អំពី​លក្ខខណ្ឌ​អនុញ្ញាត​ឱ្យ​ចេញ​ធ្វើការ​មុន​ឬ​ក្រោយ​ម៉ោង មិន​លើស​ពី ១​ម៉ោង ចំពោះ​មន្ត្រីនគរបាល​ជាតិ​ដែល​មាន​ជន​ចាស់ជរា ឬ​ជន​មាន​ស្មារតី​វិបល្លាស ឬ​ជន​មាន​ពិការភាព​អចិន្ត្រៃយ៍​ក្នុង​បន្ទុក មន្ត្រីនគរបាល​ជាតិ​ជា​ស្ត្រី ដែល​មាន​ផ្ទៃពោះ មាន​កូន​អាយុ​ក្រោម ១​ឆ្នាំ មន្ត្រី​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​មាន​ការបញ្ជាក់​ពី​គ្រូពេទ្យ ដោយ​មន្ត្រី​នោះ ត្រូវ​មាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ព្រមទាំង​មន្ត្រី​ដែល​ទទួល​ការបណ្ដុះបណ្ដាល​បន្ថែម​ក្រៅ​ម៉ោង​ធ្វើការ​។ ជា​ការកត់សម្គាល់ គឺ​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់ ត្រូវតែ​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​អំពី​អនុក្រឹត្យ​នេះ​៕​

 

Leave a Reply

Your email address will not be published.