ក្រចេះ ៖ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ចំនួន២៥០០ ក្បាលដី ជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិបឹងរៃ និងភូមិស្រឡៅដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពិធីធ្វេីឡេីងនៅបរិវេណវត្តមុនីរតនរង្សី ហៅវត្តឫស្សីកែវ ដោយមានការអញ្ជេីញចូលរួមពីសំណាកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ ប្រមាណជា៤០០នាក់។
លោក ហេង សុថា បានបញ្ជាក់ថា ការចែកប្លងរឹងនៅពេលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ។
លោក បានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ដែលបានខិតខំបំពេញការងារសម្រេចបានជោគជ័យនាពេលនេះ និងសូមចូលអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ។
ទន្ទឹមនឹងនេះ លោក ក៏បានជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានឆាប់រហ័សតាមការគ្រោងទុក៕