ព័ត៌មានជាតិ

​អ្នកសារព័ត៌មាន​ត្រូវ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​អោយ​បានល្អ​បន្ថែមទៀត

ខេត្ត​រតនគីរី​÷​ឯកឧត្តម វ៉ាន់ សោភា អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី​បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​គឺ​ជា​អ្នកនាំពាក្យ​ពី​ប្រជាពលរដ្ឋ ទៅកាន់​រាជរដ្ឋាភិបាល និង​ពី​រាជរដ្ឋាភិបាល​មក​កាន់​ប្រជាពលរដ្ឋ​វិញ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ ដូច្នេះ​អ្នកសារព័ត៌មាន​ត្រូវ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ មន្ត្រី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​អោយ​បានល្អ​បន្ថែមទៀត​ដើម្បីឲ្យ​ការចុះផ្សាយ​ព័ត៌មាន មាន​លក្ខណៈ​ច្បាស់លាស់ មាន​តម្លាភាព ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ និង​សម្បូរបែប​។​

​ការលើកឡើង​របស់​អភិបាលខេត្ត​រតនគិរី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំ​ពិភាក្សា រវាង​អង្គភាព​ពាក់ព័ន្ធ និង​អ្នកសារព័ត៌មាន ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា និង​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​សាល​ប្រជុំ​អគារ​B​សាលា​ខេត្តរតនគិរី​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ លោក កុល ផាន់​ណា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​លើកឡើង​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា និង​មន្ទីរ​ព័ត៌មាន​ខេត្ត​រៀ​ចំ​អោយមាន​កិច្ចប្រជុំ​ពិភាក្សា​រវាង​អង្គភាព​ពាក់ព័ន្ធ និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​រតនគិរី​។​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ការអនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នៅ​ក្នុង​ខេត្ត​រតនគិរី កន្លងមក មាន​លក្ខណៈ​ល្អប្រសើរ ។​ហើយ អ្នកសារព័ត៌មាន​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ជួយ​កែ​លម្អ​ចំណុច​ឆកល្វែង​មួយចំនួន ទាក់ទង​នឹង​ការអនុវត្ត​ភារកិច្ច​តួនាទី របស់​មន្ត្រី​ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​។ អ្នកសារព័ត៌មាន ប្រាប់​ពី​ដំណឹង ឬ​ហេតុការណ៍​ផ្សេងៗ ដែល​កើតមានឡើង​ក្នុងសង្គម ឱ្យ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​បានដឹង ដើម្បី​រក​វិធី​ដោះស្រាយ និង​ធ្វើ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​តាម​វិទ្យុ ទូរទស្សន៍ ទស្សនា​វ​ដ្តី សារ​អេឡិចត្រូនិច និង​បណ្តាញ​សង្គម​ជាដើម​។​
​ដូច្នេះ​អ្នកសារព័ត៌មាន​ចំ​បាច់​ត្រូវ​ពង្រឹង​សមត្ថភាព មាន​ការគោរព​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន ដើម្បី​រួមគ្នា​លើក​កំពស់​វិស័យ​សារព័ត៌មាន​ឲ្យមាន​ភាព​សុក្រិតយុត្តិធម៌ និង ត្រឹមត្រូវ​រាល់ពេល​ចុះ​ផ្សាយ​ព័ត៌មាន​ស្របតាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចសហការ​ជាមួយ​សាលាខេត្ត​រត​គិរី និង​មន្ទីរ​ពត៌មាន​ខេត្ត​រតនគិរី អង្គការ​ជំនួយ ផ្នែក​ច្បាប់​នៃ​កម្ពុជា ដោយ​ស្ថិត​ក្រោម​គម្រោង ការផ្ដល់​ការគាំទ្រ​ផ្នែក​ច្បាប់​ដល់​អ្នក​សារពត៌មាន​នៅ​កម្ពុជា បាន​អនុវត្ត​នូវ​សកម្មភាព​គម្រោង​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ដល់​សិទ្ធិសេរីភាព របស់​អ្នក​សារពត៌មាន​តាមរយៈ​ការផ្តល់​ការការពារ​ផ្លូវច្បាប់ ការផ្តល់​ការបណ្ដុះបណ្ដាល​ផ្នែក​ច្បាប់​ស្តីពី​របប​សារពត៌មាន និង​ច្បាប់​ពាក់ព័ន្ធ ដល់​អ្នក​សារពត៌មាន ដើម្បី​បង្កើន​ការយល់ដឹង​ផ្នែក​ច្បាប់ ក៏ដូចជា​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​អង្គភាព​ពាក់ព័ន្ធ និង​អ្នក​សារពត៌មាន​ផងដែរ​។​
​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​រវាង​អង្គភាព​ពាក់ព័ន្ធ និង​អ្នក​សារពត៌មាន​នេះ​ឡើង ក្នុង​គោលបំណង (១)​ដើម្បី បង្កើន​ការយល់ដឹង​របស់​អង្គភាព​ពាក់ព័ន្ធ ដូចជា​មន្ទីរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត តំណាង​អាយ្យ​ការ និង​តុលាកា​រេ​ខេត្ត ចំពោះ​តួនាទី និង​សិទ្ធិ​របស់​អ្នក​សារពត៌មាន (២)​ក៏​ដូចជា​ធ្វើឪ្យ​ប្រសើរឡើង​នូវ​ការទំនាក់ទំនង​រវាង​ពួកគាត់ ក្នុង​ការងារ​រាយ​ការណ៏ពត៌ មាន និង​ស្វែងរក​ពត៌មាន និង​ជួយ​សម្រួល​ដល់​ពួកគាត់ ក្នុង​ការទទួល​បាន​ព​ត៌មាន​។ (៣)​។​លើសពីនេះ​ទៀត កិច្ចប្រជុំ​ពិភាក្សា​នេះ ក៏មាន បំណង​ផ្ដល់​ដល់​អ្នក​សារពត៌មាន​នូវ វេទិកា​ឬ​ឪ​កាស​មួយ​សម្រាប់​ពួកគាត់ ក្នុង​ការលើកឡើង​នូវ​បញ្ហា​ប្រឈម ក៏​ដូច​ជា​ការលំបាក ដែល គាត់​ជួបប្រទះ​កន្លងមក ដើម្បី​លើក​ឡើង និង​ឆ្លើយតប​ឬ​ដំណោះស្រាយ​ពី​អង្គភាព​ពាក់ព័ន្ធ​នានា ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​ផងដែរ​៕

Leave a Reply

Your email address will not be published.