ព័ត៌មានជាតិ

ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

នា​រសៀ​ល​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ជំនួប​នោះ​, ឯកឧត្តម Tull TRAISORAT បាន​បង្ហាញ​នូវ​សេចក្តីសោមនស្ស​រីករាយ និង​មាន​កិត្តិយស ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី ៧៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ថៃ​-​កម្ពុជា ហើយ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​មាន​ភាពរឹងមាំ និង​រីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​អបអរសាទរ​ដល់​កម្ពុ​ជា​ដែល​បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន ដោយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ឯកឧត្តម​នឹង​ខិតខំ​ទាក់ទាញ និង​លើកទឹកចិត្ត​វិនិយោគិន​ថៃ​ឱ្យ​ស្វែង​ឱកាស​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​បួន​នេះ​។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ប្ដេជ្ញាចិត្ត និង​ខិតខំ​ជំរុញ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល ក្រសួង​-​ស្ថាប័ន និង ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និង​វិស័យ​ឯកជន ក៏ដូចជា​ការតភ្ជាប់រ​វាង​ប្រជាជន និង​ប្រជាជន ផងដែរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម Tull TRAISORAT ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បានបង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ក្នុង​តួនាទី​ជា​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុុជា ឯកឧត្តម​នឹង​ចូល​រួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ដល់​ឯកឧត្តម​ឯកអគ្គរាជទូត​ឱ្យ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ប្រសើរឡើងទៀត​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, ការវិនិយោគ​, ការពារជាតិ និង​សន្តិសុខ​, ទេសចរណ៍ និង​ការតភ្ជាប់​រវាង​វិស័យ​ឯកជន និង​ឯកជន​ជាដើម​៕

Leave a Reply

Your email address will not be published.