ព័ត៌មានជាតិ

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃើ​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២

នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៥​ខែ​មេសា ឆ្នាំ​២០២៥, ឯកឧត្តម ថង​លុន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយក​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស និង​ជា​អតីត​ប្រធាន​រដ្ឋ​ឡាវ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​ថ្លែងថា​៖ ក្នុងនាម​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ឯកឧត្តម​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អរគុណ​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្ញើ​ព្រះរាជសារ និង​លិខិត​ចូលរួម​រំលែក​ទុក្ខ ជាមួយ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​មរណភាព​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ ខាំ​តៃ ស៊ី​ផាន់​ដន​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​សម្តេច​ប​វរ​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ ដែល​នេះ​ជា​ការបង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ បានបញ្ជាក់​ថា មរណភាព​របស់​ឯក​ឧត្ដម នាយ​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន ជា​ការបាត់បង់​នូវ​វីរបុរស​ជាតិ ដែល​មាន​ស្នាដៃ​ជា​ច្រើន​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​ឡាវ តាំង​ពី​ការចាប់ផ្តេីម​រំដោះ​ប្រទេ​ស​, ការកសាង និង​ការអភិវឌ្ឍ​ប្រទេស​រហូត​មកដល់​បច្ចុប្បន្ន ព្រមទាំង​ជា​ឥស្សរជន​មួយរូប ដែល​ចូលរួម​ចំណែក​ក្នុងការ​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ឡាវ និង​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ដែល​បាន​ទទួល​ស្វាគមន៍​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុង​ឱកាស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខាំ​តែ ស៊ី​ផាន់​ដន​។ សម្តេច​បវរ​ធិបតី បាន​ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​ការបាត់បង់​វីរបុរស និង​ឥស្សរជន​ដ៏​ឆ្នេី​ម ដែល​បាន​តស៊ូ និង លះបង់ ពេញ​មួយ​ជីវិត ក្នុង​ការរំដោះ កសាង និង​អភិវឌ្ឍ​ជាតិ សម្រាប់​ប្រទេស និង​ប្រជាជន​ឡាវ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​គូស​រំលេច​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង កម្ពុជា​-​ឡាវ ដែល​មិន​ត្រឹមតែ​មាន​ទំនាក់ទំនង​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង មាន​ទំនាក់ទំនង​ក្នុង​មនោសញ្ចេតនា​ជា​បង ជា​ប្អូន និង ជា​ក្រុម​គ្រួសារ​។

​ឯកឧត្តម​ប្រធាន​រដ្ឋ និង សម្តេច​បវរ​ធិបតី ក៏​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​ថា នឹង​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រលើគ្រប់​វិស័យ​កម្ពុជា​-​ឡាវ ឱ្យ​កាន់តែ​រឹងមាំ និង រីក​ចម្រើ​ន បន្ថែមទៀត​។​

Leave a Reply

Your email address will not be published.