ព័ត៌មានជាតិ

ពិធី​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣​ បណ្ណ ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​

ខេត្ត​កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​អញ្ជើញ​ជា​គណៈ​ធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ខេត្តកំពង់ស្ពឺ បញ្ចប់​ការវាស់វែង​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣​បណ្ណ ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កំពង់ស្ពឺ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត​គ្រប់​លំដាប់ថ្នាក់ ក្រុម​វាស់​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​សំរោង​ទង ស្រុក​សាមគ្គី​មុនី​ជ័យ និង​ក្រុង​ច្បារមន សរុប​ចំនួន​ប្រមាណ ៣,២៦០​នាក់​។​

​ក្នុង​របាយការណ៍​ស្វាគមន៍​  លោក កង វណ្ណា​រ៉ូ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជម្រាបជូន​អង្គពិធី​ថា ក្នុង​ស្មារតី​បុរេស​កម្មនេះ រដ្ឋបាលខេត្ត តាមរយៈ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ដែល​បាន​បែងចែក​ក្រុមការងារ​វាស់វែង​ដីធ្លី ចំនួន ២១​ក្រុម ស្មើនឹង ៥៣៥​នាក់ ដើម្បី​បន្ត​បេសកកម្ម​ក្នុង​កិច្ច​ការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។

ខេត្ត​កំពង់ស្ពឺ មាន​ក្បាលដី​ប៉ាន់ស្មាន​សរុប​ចំនួន ១ ១០០ ៩១០​ក្បាលដី និង​បាន​វាស់វែង​ក្បាល​ដី​សរុប​ចំនួន ១ ០៨៨ ០៩៥​ក្បាលដី (​វាស់វែង​ចប់​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤)​។ ឯកឧត្តម​បាន​បន្ថែមថា ដីធ្លី​ដែល​បាន​វាស់វែង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចប់​រួចរាល់ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤ និង​ថ្ងៃនេះ ធ្វើ​ពិធី​ប្រកាស​ខេត្តកំពង់ស្ពឺ​បញ្ចប់​ការវាស់វែង​ដីធ្លី ព្រមទាំង​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៩២​ភូមិ ១៣​ឃុំ​-​សង្កាត់ ៧​ក្រុង​-​ស្រុក មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អ​លន​វត្ថុ​សរុប​ចំនួន ៥៩ ៩៥៣​បណ្ណ ក្នុងនោះ​៖ ស្រុក​បសេដ្ឋ ចំនួន ១១ ០៨៦​បណ្ណ ស្មើនឹង ១៧​ភូមិ ១​ឃុំ​, ស្រុក​គងពិសី ចំនួន ៩ ៨០១​បណ្ណ ស្មើនឹង ១៥​ភូមិ ២​ឃុំ​, ស្រុក​ភ្នំស្រួច ចំនួន ៥ ៧៩០​បណ្ណ ស្មើនឹង ៧​ភូមិ ២​ឃុំ​, ស្រុក​សំរោង​ទង ចំនួន ៤ ៨៧២​បណ្ណ ស្មើនឹង ៨​ភូមិ ២​ឃុំ​, ស្រុក​ថ្ពង ចំនួន ១០ ៣៨៣​បណ្ណ ស្មើនឹង ១៩​ភូមិ ៣​ឃុំ​, ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ចំនួន ១១ ៦២៦​បណ្ណ ស្មើនឹង ១៤​ភូមិ ១​សង្កាត់​, ស្រុក​សាមគ្គី​មុនី​ជ័យ ចំនួន ៦ ៣៩៥​បណ្ណ ស្មើនឹង ១២​ភូមិ ២​ឃុំ​។​

​ឆ្លៀត​ឱកាស​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​តម្រង់​ទិស​របស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ការជំរុញ​ការចុះបញ្ជី​ដីធ្លី​ទូទាំង​ប្រទេស ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស និង​ឈាន​ដល់​ការប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជាក់ស្តែង​ការប្រកាស​បញ្ចប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ នាពេលនេះ​។

ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​ក្រុម​ការងារ​ទាំងអស់​នៃ​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពង់ស្ពឺ ក៏ដូចជា​រដ្ឋបាលខេត្ត​ក្រុង​ស្រុក​នៃ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចូលរួម​សហការ​អនុវត្ត​ការវាស់វែង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា សមិទ្ធផល​ជាក់ស្តែង​នា​ថ្ងៃនេះ កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​សិទ្ធិ​សុវត្ថិភាព​តាម​ផ្លូវច្បាប់ បង្កើន​តម្លៃ​ដីធ្លី និង​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​៕​

   

Leave a Reply

Your email address will not be published.