យើងខ្ញុំទាំងអស់ មានសេចក្តីរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ យើងខ្ញុំទាំងអស់សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គំរូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដែលពោរពេញ ដោយឆន្ទៈមនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។
យើងខ្ញុំទាំងអស់សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង សំអុល ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ចូលរួមរំលែកមរណទុក្ខពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់