ព័ត៌មានជាតិ

ទីបំផុត កម្លាំង​ចម្រុះ​បាន​ប្រទះឃើញ ឧទ្ធម្ភាគចក្រ ដែល​បាន​ធ្លាក់ ប៉ុន្តែ​ជា​អកុសល អាកាសយានិក​របស់​យើង​បាន​ពលី​ជីវិត​នៅក្នុង​ឧបទ្ទវហេតុ​នេះ​

​មក​ទល់​ថ្ងៃនេះ កងកម្លាំង​រុករក​របស់​យើង​បាន​រក​ឃើញ​ទាំង​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​ជើង​អាកាស នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ កន្លងទៅ និង​អាកាសយានិក​របស់​យើង​ទាំង​ពីរ​រូប ។​

​ជា​អកុសល អាកាសយានិក​របស់​យើង គឺ​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេង ឆៃ​យុទ្ធ ត្រូវ​រក​ឃើញ​ថា​បាន​ពលី​ជីវិត​ទៅ​ហើយ​នៅក្នុង​ឧបទ្ទវហេតុ​នេះ ។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​សម្តែង​នូវ​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​សោកសង្រេង​ជាទីបំផុត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការបាត់បង់​នូវ​កូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុស​ដ៏​ល្អ​ជាទី​ស្រឡាញ់រ​ក​ទីបំផុត​គ្មាន ។ ហើយ​នេះ ក៏​ជា​ការបាត់បង់​ដ៏​ធំធេង​សម្រាប់​ជាតិ និង​កង​យោធពលខេមរភូមិន្ទ​ទាំងមូល នូវ​នាយទាហាន​ពីររូប​ដ៏​មាន​ឆន្ទៈ សមត្ថភាព និង​ទឹកចិត្ត​ស្នេហា​ជាតិ គួរ​ជាទី​សោកស្តាយ ស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក ។ ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ទាំងពីរ ឆាប់​បាន​ចាប់បដិសន្ធិ​ក្នុង​សុគិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​ទន្ទឹមគ្នានេះ សម្តេច​ធិបតី ក៏​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រុករក​ទាំងអស់ ទាំង​ថ្នាក់​ដឹកនាំ និង​កងកម្លាំង​រុករក​ផ្ទាល់ ដែល​បាន​ខិតខំ​ពុះពារ​ឥត​រុញ​រា ជម្នះ​គ្រប់​ឧបសគ្គ​ទាំង​យប់​ទាំង​ថ្ងៃ ប្រកបដោយ​ទឹកចិត្ត​តស៊ូ​ក្លាហាន និង​ហ៊ាន​លះបង់ រហូត​ស្វែងរក​ឃើញ​ទីតាំង​កើតហេតុ ដែល​ជា​បេសកកម្ម​ដ៏​សែន​លំបាក និង​ប្រកបដោយ​ហានិភ័យ​នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​ជ្រៅ រួមជាមួយ​នឹង​កត្តា​អាកាសធាតុ​មិន​អំណោយផល​ក្នុង​រយៈពេល ១៨ ថ្ងៃ​កន្លងមកនេះ ៕

Leave a Reply

Your email address will not be published.