ព័ត៌មានជាតិ

លទ្ធផល​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ រយៈពេល ៧​ថ្ងៃ​

​ពោធិ៍សាត់​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ កន្លងមកនេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចេញ​បទបញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កម្លាំង​កង​អន្តរាគមន៍​ប្រមាណ​ជិត ៣០០​នាក់ ជាមួយ​មធ្យោបាយ​-​គ្រឿង​បំពាក់ ចេញ​ទៅ​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ ដើម្បី​ជួយ​គាំទ្រ​ទៅ​ដល់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដែល​បាន នឹង​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់​។​

​កម្លាំង​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ ក៏​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ជួយ​គាំទ្រ និង​ចុះ​ប្រតិបត្តិការ​នៅ​លើ​គោលដៅ​សំខាន់ៗ​ចំនួន​១០​ក្នុង​ភូមិសាស្ត្រ​ផ្សេងៗ​គ្នា​នៃ​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ហើយ​ដែល​គោលដៅ​ទាំង​១០​នោះ​មានដូចជា គោលដៅ​ទី​១(​ចំណុច​ខ្នង ១៦ ក្នុង​ភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង​) គោលដៅ​ទី​២(​ចំណុច​ជើងភ្នំ​ប្រើ​ស ដល់​ទឹកធ្លាក់​ថ្ម​ចាំង និង​ចំណុច​ច្រក​ចង្អៀត ក្នុងភូមិ​ក្រពើរ​ពីលើ ឃុំ​ក្រពើរ​ពី ស្រុក​វាលវែង​) គោលដៅ​ទី​៣(​ចំណុច​អូរ​១ ចំណុច​អូរ​២ ក្នុង​ភូមិ​អូរ​ដី​ខ្មៅ ឃុំ​អន្លង់​រាប និង​ចំណុច​ជើងភ្នំ​ក្រឡឹង តាម​ជើង​ជញ្ជាំង​ភ្នំ ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​) គោលដៅ​ទី​៤(​ចំណុច​សហគមន៍​ក្រាំងរ​ងៀង ក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង​) គោលដៅ​ទី​៥(​ចំណុច​ភ្នំ​តា​ងិល និង​ចំណុច​ថ្មសំលៀង ក្នុងភូមិ​សំឡាញ ឃុំ​ក្រពើរ​ពី ស្រុក​វាលវែង​) គោលដៅ​ទី​៦(​ចំណុច​ជើងភ្នំ​ខ្មោច ក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង និង​ចំណុច​ជើងភ្នំ​១៥០០ ចំណុច​៨០ ក្នុង​ភូមិ​អូរ​១៧ ឃុំ​អន្លង់​រាប ស្រុក​វាលវែង​) គោលដៅ​ទី​៧(​ចំណុច​ខាង​មុខ និង​ចំណុច​ខាងក្រោយ​ភ្នំ​លោក​តាគ្រី ក្នុង​ភូមិ​ដូន​នាគ ឃុំ​ប្រ​ម៉ោយ រហូត​ដល់​ព្រំប្រទល់​ភូមិ​កំប៉ង ឃុំ​ក្រពើរ​ពី វាលវែង​) គោលដៅ​ទី​៨(​ចំណុច​ស្រែ​យក្ស និង​ចំណុច​ខ្នងភ្នំ​ព្រះអាទិត្យ ក្នុងភូមិ​កំប៉ង ឃុំ​ក្រពើរ​ពី ស្រុក​វាលវែង​) គោលដៅ​ទី​៩(​ចំណុច​ម៉ុង​រី ក្នុង​ភូមិ​ដូង​ឃ្លៀង ឃុំ​ប្រ​ម៉ោយ និង​ព្រំប្រទល់​ខាង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​) និង​គោលដៅ​ទី​១០(​ចំណុច​អូរ​ទី​២ អូរ​តា​សូ ជើងភ្នំ​សុ​គុណ ក្រោយ​សហគមន៍​ផ្ទះ​១ ក្នុងភូមិ​ស្ទឹង​ថ្មី ភូមិ​មន្ទីរពេទ្យ​ចាស់ ភូមិ​ផ្ចឹក​ជ្រុំ ភូមិ​ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង​)​។​

យុទ្ធនាការ​នៃ​ការបង្ក្រាប​បើ​គិត​មក​ទល់​ពេល​នេះ​គឺ​មាន​រយះពេល​០៩​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​១៣-២១ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្រាប់​លទ្ធផល​ក្នុង​រយៈពេល​០១​សប្ដាហ៍​កន្លងមកនេះ​(​ពី​ថ្ងៃ​ទី​១៣-១៩ ខែ​មីនា ឆ្នាំ​២០២៤) មាន​ដូចខាងក្រោម​៖
១. បាន​ឃ្លុំ​ដី​ទុក​ជា​សម្បត្តិ​រដ្ឋ​បាន​ចំនួន ៤.៧៤៣,៧១២ ហិកតា​។​
២. បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​បាន​ចំនួន ០១​នាក់​។​
៣. ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤​នាក់​(​ស្រី​០២​នាក់​) ប្រគល់​ឲ្យ​មន្ទីរ​បរិស្ថា​ន​ខេត្ត​។​
៤. បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន ០៣​ករណី​។​
៥. បាន​កំណត់​មុខសញ្ញា​ចំនួន ០៨​នាក់ បន្ត​នីតិវិធី​ទៅ​តុលាការ​។​
៦. បាន​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​បាន​ចំនួន ២៦​នាក់​។​
៧. សម្ភារៈ​ដកហូត​រក្សាទុក​ជា​វត្ថុតាង​: ម៉ូតូ​០៥​គ្រឿង រឺ​ម៉ក​០១​គ្រឿង ម៉ាស៊ីន​ត្រង់​ស៊ីន័រ​០៤​គ្រឿង រណារយន្ត​២៣​គ្រឿង ម៉ាស៊ីន​ខួង​រណ្ដៅ​០១​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ​០៥​គ្រឿង ធុង​បាញ់ថ្នាំ​ស្មៅ​០២​ធុង ម៉ាស៊ីន​កាត់​ស្មៅ​១២​គ្រឿង ផាល​ត្រាក់ទ័រ​០៦​ផា​ល ផ្លែ​រណារយន្ត​០២​ផ្លែ តាប​ឈូសឈើ​០១​គ្រឿង កាំភ្លើង​កែច្នៃ​០៤​ដើម កាំបិត​០៦​ដើម ម៉ែត្រ​០១​ដុំ អាគុយ​០៤​ធុង ផាល​គាស់​ដំឡូង​០១​គ្រឿង ឧបករណ៍​ឆក់​ត្រី​០១​គ្រឿង ស៊ីទែន ទឹក​០១ ប្រគល់ឲ្យ​ជំនាញ​បរិស្ថាន​ខេត្ត​។​
៨. បានធ្វើការ​រុះរើ​: ខ្ទម​ប្រក់​ស័ង្កសី​២៨​ខ្ទម រោង​ប្រក់​កៅស៊ូ​តង់​៤២​រោង រោង​ប្រក់​ស្លឹក​០៩​រោង ខ្ទម​បណ្ដោះអាសន្ន​៣៤​ខ្ទម បង្គោលរបង ឈើ​១.៣៧២​ដើម បន្លា​លួស​១.២០០​ម៉ែត្រ​។​
៩. បាន​ធ្វើ​ការកាប់បំផ្លាញ ដុតចោល​នៅ​ហ្នឹង​កន្លែង​: រោង​ប្រក់​កៅស៊ូ​តង់​៦០​រោង រោង​ប្រក់​ស័ង្កសី​៣៩​រោង រោង​ប្រក់​ស្លឹក​២២​រោង ផ្ទះ​ប្រក់​ស័ង្កសី​០៤​ខ្នង ផ្ទះ​ប្រក់​ស្បូវ​០២​ខ្នង ខ្ទម​បណ្ដោះអាសន្ន​១១​ខ្ទម បង្គោលរបង​ថ្ម​២០​ដើម បង្គោលរបង​ឈើ​៧៨៥​ដើម ដើម​ត្របែក​៥០​ដើម ដើម​មៀន​២៩​ដើម ដើម​សាវម៉ាវ​៥០​ដើម ដើម​ល្ហុង​៤០​ដើម ដើម​ក្រូច​៤៨៧​ដើម ដើម​ចេក​១.០៤១​ដើម ដើម​ស្វាយ​១០៣​ដើម ដើម​ដូង​៣៥៧​ដើម ដើម​ម្កាក់​២០​ដើម ដើម​ខ្នុរ​០៤​ដើម ដើម​ដំឡូង​មី ១៦.២៣៨​បាច់ និង​០៥​ហិកតា មើមដំឡូង​មី​៥០​កា​រ៉ុង និង​ដំណាំ​ចម្រុះ​២៩០​ដើម​។​

ទន្ទឹម​នឹង​លទ្ធផល​ខាងលើនេះ កម្លាំង​យើង​ក៏​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា អាកាសធាតុ​ក្តៅ និង​ពិបាក​ទឹក​ប្រើប្រាស់​នៅ​គោលដៅ​មួយចំនួន ភូមិសាស្ត្រ​ជួប​ការលំបាក​ក្នុង​ការចុះ​ប្រតិបត្តិការ ទីតាំង​ប្រតិបត្តិការ​មួយចំនួន​នៅ​មាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ភូមិសាស្ត្រ​ដែល​ត្រូវ​ចុះ​ប្រតិបត្តិការ​មួយ​ចំនួន​មិន​មាន​សេវា​ទូរស័ព្ទ​អាចទាក់ទង​គ្នា​បាន​។​

Leave a Reply

Your email address will not be published.