ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

​រថយន្ត​២​គ្រឿង​និង​គោយន្ត​ដឹក​ធុងបាស​១​គ្រឿង បុក​បន្តកន្ទុយ​គ្នា បណ្តាលឲ្យ​របួស​៤​នាក់ ធ្ងន់​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ​៖​ យ៉ាងហោច​ណាស់​មាន​មនុស្ស​៤​នាក់​រងរបួស​ស្រាល និង​ធ្ងន់ ១​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​២​គ្រឿង​និង​គោយន្ត​ដឹក​ធុងបាស់ ១​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា នា​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ដើម​ពោធិ៍​អាស្រម​លោកយាយ​ម៉ៅ ស្ថិត​នៅ​ៅ​ក្នុង​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​៖​នៅ​មុនពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​toyota​ព្រូ​ស ពណ៌​ឈាមជ្រូក បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ពោល​គឺ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែត លុះ​មកដល់​ចំណុចកើតហេតុ​ខា​លើ ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​toyota ធុន​ត្រា ពណ៌​ស ពេញទំហឹង​ហើយ​រុល​ទៅបុក​គោយន្ត​ដឹក​ធុងបាស់​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ពី​លិច​មក​កើត ពោល​គឺ​ពី​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​ឆ្ពោះទៅ​កាន់​ទី​រួម​ខេត្តបន្ទាយមានជ័យ បណ្តាល​មាន​អ្នករងគ្រោះ​៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពី​កើតហេតុ​គេ​សង្គេត​ឃើញ​កម្លាំង​នគរបាល ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ទទួលបន្ទុក​ផែន​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះជួយ​អន្តរាគមន៍ និង​សម្រួល​ចរាច​រណ៍ ព្រមទាំង​ធ្វើការ​ពិនិត្យ​និង​វាស់វែង​តាម​ជំនាញ​ផងដែរ​។​

​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ថា បានឲ្យដឹងថា​៖​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ព្រូ​ស ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ត្រា​ចំ​ពីមុខ​ពេញទំហឹង ហើយ​រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​ធុងបាស់ បណ្តាល​មាន​អ្នករងគ្រោះ​របួស​ចំនួន​៤​នាក់ ស្រាល​៣​នាក់ ធ្ងន់​ម្នាក់​ជា​ស្ត្រី​ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​គោយន្ត​ដឹក​ធុងបាស់​និង​ខូចខាត​រថយន្ត​២​គ្រឿង គោយន្ត​១​គ្រឿង​។​

​លោក​បន្តថា​៖​ក្រោយ​ធ្វើការ​វាស់វែង​ហើយ​រថយន្ត​២​គ្រឿង​និង​គោយន្ត​១​គ្រឿង ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ក្រោយ​៕


 

Leave a Reply

Your email address will not be published.