ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ទិសដៅ​សំខាន់​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត គឺ​មាន​បេសកកម្ម​រួម​មួយ​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​

ក្រុមការងារ​ថ្នាក់ជាតិ គឺ​ជា​ចំណង​ភ្ជាប់​រវាង​រដ្ឋាភិបាល​ថ្នាក់ជាតិ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដោយ​ជួយ​តម្រង់ទិស គាំទ្រ និង​ជួយ​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​នៅ​មូលដ្ឋាន​ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មូលដ្ឋាន​ក្នុង​ការអនុវត្ត​កម្ម​វោ​ធី​នយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​សំដៅ​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការដោះស្រាយ​ឆ្លើយតប​នឹង​សំណើ​និង​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។

​នេះ​ជា​ការ​ថ្លែង​លើក​ឡើង​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​។ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ថ្នាក់ដឹកនាំ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលស្រុក និង​ថ្នាក់ដឹកនាំ​មកពី​ឃុំ​សង្កាត់​ទាំង ៤៨ នៃ​ខេត្ត​ក្រចេះ​សរុប​ចំនួន​ប្រមាណ​ជាង ៤០០ រូប ។​

​បន្ទាប់​ពី​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​នៃ​ការចុះ​ធ្វើ​សកម្មភាព​ការងារ និង​ជួប​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ទាំង ៧ ក្រុង ស្រុក រួចមក ឯកឧត្តម វ៉ា ថន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​រួមសហការ​សាមគ្គី​ក្នុង​ការបំពេញ​កិច្ច​ការងារ​កន្លងមក​បាន​យ៉ាង​ល្អ​។ ឯកឧត្តម អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ក៏បាន លើកឡើង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​ក្រុមការងារ​រាជ​រដ្ឋាភុបាល ហើយ​បាន​ធ្វើការ​ដាក់ចុះ​ទិសដៅ​ការងារ​បន្ត​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ និង​ពង្រីក​ភាពខ្លាំង​របស់ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដើម្បី​បន្ត​សកម្មភាព​បំរើ​ប្រជាពលរដ្ឋ នៅ​គ្រប់​តំបន់​មូលដ្ឋាន​ក្នុង​ខេត្ត​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ។

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ខេត្តក្រចេះ បាន​គួសបញ្ជាក់​អំពី​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​កម្មវិធី​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ទាំង ៦ និង​វិធានការ​គន្លឹះ ៥ ដែល​បានដាក់ចុះ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​ភ្លាមៗ​នៅ​ឆ្នាំ​២០២៣ បន្ទាប់ពី​ដំណើរការ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដើម្បី​ឆ្លើយតប​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនាម​សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​ក្នុងនាម ឯកឧត្តម ផ្ទាល់​សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែល​ជា​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​យក​អស់កម្លាំង ប្រាជ្ញា ស្មារតី សហការ​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ រហូត​ឈាន​ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​ជូន ប្រជាពលរដ្ឋ ក្នុង​ទូទាំង​ខេត្ត ។​

​ឯកឧត្តម ប្រធាន​ក្រុម​ការងារ​បាន​ផ្តាំផ្ញើ​ដល់ ប្រធាន អនុប្រធាន និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក ក្រុង ទាំង​៧ ក្នុង​ខេត្ត​ក្រចេះ ត្រូវ​បន្ត​ការផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ល្អ​ជា​ប្រជាពលរដ្ឋ ហើយ​បន្ត​រៀបចំ​វេទិកា​សាធារណៈ​នៅតាម​ឃុំ​ស្រុក​នានា​ដើម្បី​ក្តាប់​ឱ្យ​បាន​នូវ​ក្តី​កង្វល់ សំណើ និង​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតមានឡើង ជាពិសេស​បន្ត​រួម​គ្នា​ក្នុង​ការថែរក្សា​សន្តិភាព និង​បន្ត​ជំរុញ​ការ អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​៕

Leave a Reply

Your email address will not be published.