ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​ធា​រណ​រដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការគួរសម​និង​ជម្រាបលា មុន​ពេល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ និង រីករាយ​ដែល​បាន​ជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាស​ដែល ឯកឧត្តម បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បាន​ចូល​រួមចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​បង់​ក្លា​ដែស ក្នុង​អាណត្តិ​របស់​ឯកឧត្តម ។

​ឯកឧត្តម Mohammed Abdul Hye បាន​សំដែង​នូវ​ការអបអរសាទរ សម្តេច ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោកជំទាវ នាយករដ្ឋមន្ត្រី Sheikh Hasina ដែល​បាន​ចាត់ទុក​សម្តេច​ជា​ប្អូនប្រុស និង បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា ទទួលបាន​ការកោតសរសើ​រ និង ស្រឡាញ់​ពី​ប្រជាជន​បង់​ក្លា​ដែស ។ ឯកឧត្តម បាន​អបអរ​សារ​និង​កោតសរសើរ​កម្ពុជា ដែល​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ បាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​ខ្លាំង​និង​មាន​ជម្លោះ​រ៉ាំរ៉ៃ មក​ជា​ប្រទេស​ដែល​មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ឆាប់រហ័ស ដែល​ជា​មេរៀន​និង​គម្រូ​ល្អ​សម្រាប់​ប្រទេស​ដទៃ​។ មេដឹកនាំ​ដូច​ប្រទេស​កម្ពុជា​មាន មិន​មាន​ច្រើន​ទេ​នៅ​ក្នុង​ពិភពលោក ។

​ឯកឧត្តម​បាន​រំលឹកថា ឯកឧត្តម​ធ្លាប់ធ្វើ​ជា​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​កម្ពុជា (desk officer) ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដែល​ជា​ពេល​កម្ពុជា​ជួបប្រទះ​ការលំបាក​ខ្លាំង​។ ឯកឧត្តម មាន​ការភ្ញាក់ផ្អើល​នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការអភិវឌ្ឍ​ដ៏​ខ្លាំង​និង​ឆាប់រហ័ស​របស់​កម្ពុជា​។ ទាំងនេះ គឺ​ដោយសារ កម្ពុជា​មាន​សន្តិភាព ស្ថិរភាព ទើប​មាន​ការអភិវឌ្ឍ​។ រដ្ឋាភិបាល​បង់​ក្លា​ដែស ជាពិសេស លោកជំទាវ​នាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ រួម​មាន​កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា … ជា​ភូមិ​ផង​របង​ជាមួយ​។ នៅ​ពេល​ប្រទេស​មី​យ៉ាន់​ម៉ា មាន​ស្ថិរភាព តំបន់​អាស៊ីអាគ្នេយ៍​នឹង​កាន់តែ​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​បន្ថែម​ទៀត​ជាមិនខាន​។ ដូចនេះ ត្រូវ​រក្សា​សន្តិភាព​ឱ្យ​ស្ថិតស្ថេរ​ជា​ដរាប ។

​ឯកឧត្តម ក៏​បាន​អបអរ​សារ​និង​កោតសរសើរ​កម្ពុជា ដែល​មាន​ការផ្ទេរអំណាច​ដោយ​រលូន​និង​ប្រកបដោយ​សន្តិភាព​ដល់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​។ ក្នុងនាម​លោក​ជំទាវ​ប្រធាន​សភាជាតិ​បង់​ក្លា​ដែស ឯកឧត្តម ឯកអគ្គរដ្ឋទូត សូម​គោរព​អញ្ជើញ សម្តេច​តេជោ ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​បង់​ក្លា​ដែស និង​ចែករំលែក​ពី​សារសំខាន់​នៃ​សន្តិភាព និង ស្ថិរភាព សម្រាប់​ការអភិវឌ្ឍ ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ បាន​អរគុណ​ចំពោះ ឯកឧត្តម Mohammed Abdul Hye ដែល​បាន​ពាំនាំ​នូវ​ការផ្ដើម​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោកជំទាវ​នាយករដ្ឋមន្ត្រី Sheikh Hasina ដែល​សម្តេច ចាត់ទុក​សម្តេច​ជា​បងធម៌ និង បាន​ធ្វើការ​ជាមួយគ្នា​យ៉ាងច្រើន​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។ សម្តេច​បាន​លើកឡើង​ថា សម្តេច និង​ប្រជាជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ណាស់ ដើម្បី​សម្រេច​បាន​សន្តិភាព​ដោយ​ខ្លួនឯង​។ ពិតណាស់ យើង​មាន​កិច្ច​ព្រម​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​មាន​អន្តរាគមន៍​របស់​អង្គការសហប្រជាជាតិ ដែល​គោលដៅ​ចម្បង​របស់​អ៊ុនតាក់ គឺ​សន្តិភាព ។ ក៏ប៉ុន្តែ នៅពេល​អ៊ុនតាក់​ចាកចេញ​ពី​កម្ពុជា បន្ទាប់ពី​ចំណាយ​អស់​ប្រមាណ​២​ពាន់​លាន​ដុល្លារ អ៊ុនតាក់ ទុក​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​មាន​តំបន់​ត្រួតត្រា​ពីរ​។ សម្តេច​បាន​ប្រថុយ​គ្រោះថ្នាក់ និង​ជីវិត ក្នុង​ការដឹកនាំ​កម្លាំង​តស៊ូ ក្រោយ​មក​ចូល​ក្នុង​តំបន់​ខ្មែរក្រហម ដើម្បី​សម្រេចបាន​នូវ​សន្តិភាព​នៅ​ចុងឆ្នាំ​១៩៩៨ ។ សន្តិភាព​បែបនេះ មិនមាន​ទេ​នៅ​កម្ពុជា ក្នុង​រយៈពេល​៥០០​ឆ្នាំ​ចុងក្រោយ​នេះ ។ ពេល​បញ្ចប់​សង្គ្រាម​បាន​ទាំងស្រុង សម្តេច​បាន​ប្រមូល​កម្លាំង​មនុស្ស និង ប្រាជ្ញា ដើម្បី​ខិតខំ​សម្រេច​កំណើនសេដ្ឋកិច្ច ជាង​៧% ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ ។ រហូតដល់​ឆ្នាំ​២០០៤ ទីក្រុង​ភ្នំពេញ មាន​អគារ​ខ្ពស់​ត្រឹមតែ​ប្រាំពីរ​ជាន់ តែមួយគត់​ប៉ុណ្ណោះ តែ​ឥឡូវ​មាន​អគារ​ខ្ពស់ ម្ភៃ សាមសិប​ជាន់ រាប់រយ​។ ផ្ទៃ​ដី​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​ពី​៣០០​គម​២ មក​ជាង ៧០០​គម​២ រីឯ ប្រជាជន​ក៏​មាន​ការកើនឡើង​ខ្លាំងក្លា​ដែរ ។

​សម្តេច​មាន​ការកើត​សរសើរ​ថ្នាក់ដឹកនាំ​បង់​ក្លា​ដែស ខិតខំ​អភិវឌ្ឍ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន ជិត​១៧០​លាន​នាក់​ស្មើ ១០​ដង​នៃ​ប្រជាជន​កម្ពុជា នៅក្នុង​ផ្ទៃ​ដី​តូច​ជាង​កម្ពុជា ។ សម្តេច វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់ លោកជំទាវ​នាយករដ្ឋមន្ត្រី Sheikh Hasina ដែល​សម្រេចបាន​នូវ​ស្ថិរភាព​មួយ​ដើម្បី​ពន្លឿន​កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​បង់ក្លា​ដែ​ស និង ការទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។ ទឹក​ដី​តូច និង ចិញ្ចឹម​ប្រជាជន​ជិត ១៧០​លាន​នាក់ មិនមែន​ជា​ការងារ​ស្រួល​ទេ ជាពិសេស ពេល​សម័យ​ជំងឺ​កូវី​ដ​១៩​។ សម្ដេច​តេជោ ក៏​បាន​រំលឹក​ផងដែរ​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​ប្រទេស​ខ្លះ​ធ្លាប់​មើលស្រាល​សមត្ថភាព​របស់​ប្រទេស​កម្ពុជា បង់​ក្លា​ដែស និង​នេ​ប៉ាល់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។

​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​អំណាច​ដល់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ សម្ដេច​តេជោ បាន​សង្កត់ធ្ងន់ថា វា​គឺជា​ការលះបង់​ដ៏​ធំធេង​ផ្ទាល់ខ្លួន​របស់​សម្តេច ដើម្បី​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​របស់​កម្ពុជា​។ មិន​មាន​នាយក​រដ្ឋមន្ត្រី​ច្រើន ដែល​ហ៊ាន​លះបង់​ដូច​សម្តេច​ទេ ។ លទ្ធផល​ល្អ​នៃ​ការលះបង់​របស់​សម្តេច បាន​ចេញ​ឱ្យ​ឃើញ​កាន់តែ​ជាក់ស្តែង ស្ថិរភាព​នយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ត្រូវ​ធានា​បាន​កំណើនសេដ្ឋកិច្ច​នៅ​តែ​បន្ត អតិ​ផល​រណា​ទាប … ។ សម្តេច​តេជោ នឹង​ទទួលយក​ដោយ​រីករាយ​នូវ​ការអញ្ជើញ​របស់​លោកជំទាវ​ប្រធាន​សភាជាតិ បង់​ក្លា​ដែស ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​បង់​ក្លា​ដែស ដែល​នឹង​ជា​ឱកាស​ផងដែរ​សម្រាប់​សម្តេច​ជួប​សួរសុខទុក្ខ​លោកជំទាវ​នាយករដ្ឋមន្ត្រី Sheikh Hasina​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សុំ​ឱ្យ​ឯកឧត្តម​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច ទៅកាន់ លោកជំទាវ​នាយករដ្ឋមន្ត្រី Sheikh Hasina និង​សូម​ជូនពរ​ឯកឧត្តម​ឱ្យមាន​សុខភាព​ល្អ និង​បន្ត​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Leave a Reply

Your email address will not be published.