ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកអគ្គរ​ដ្ឋ​ទូ​តតួ​ក​គី ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​។​

​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ​បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សា​ជា​ថ្មី​ម្ដង​ទៀត​បន្ទាប់ពី​ជំនួប កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២២ ក្រោយពេល​ដែល​លោក​ជំទាវ​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅពេលនោះ សម្ដេច​បាន​ពិភាក្សា​ជាមួយ​លោក​ជំទាវ អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង តួ​ក​គី និង បញ្ហា​មួយចំនួន​ទៀត ជាពិសេស ពី​ការសុំ​ចូល​របស់​ប្រទេស​តួ​ក​គី ជា​សមាជិក EU និង​បញ្ហា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុ​យក្រែន​។ នៅពេលនេះ សម្ដេច​បាន​ទទួល​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា សម្ដេច នឹង​ពង្រឹង​ទំនាក់ទំនង បន្ថែម​ទៀត​រវាង​ព្រឹទ្ធសភា​កម្ពុជា និង សភា​តួ​ក​គី​។ ក្នុង​ជំនួប​នេះ សម្ដេច​តេជោក៏បាន​ផ្តាំផ្ញើ តាមរយៈ​លោក​ជំទាវ​អគ្គ​រដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា នូវ​ការសួរសុខទុក្ខ​របស់​សម្តេច ចំពោះ​ឯកឧត្តម​ប្រធានាធិបតី នៃ​ប្រទេស​តួ​ក​គី​ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប លោកជំទាវ ឯ​កគ្គ​រដ្ឋទូត​តួ​ក​គី បាន​សម្ដែង​នូវ​ក្តីរីករាយ ដោយ​ចាត់ទុកថា នេះ​ជា​កិត្តិយស​ណាស់​ដែល​សម្ដេច​ផ្តល់​ការអនុញ្ញាតឲ្យ​លោកជំទាវ​បាន​ជួប​សម្ដែង​ការ​គួ​រ​សម​នៅ​ពេល​នេះ​។ នៅ​ថ្ងៃ​នេះ​ផង​ដែរ លោកជំទាវ​បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ចំពោះ​ឧបទ្ទវហេតុ ដែល​បាន​កើតឡើង​កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ ដែល​ធ្វើឲ្យ​មាន​ការបាត់បង់​យោធិនរ​បស់​កម្ពុជា​មួយ​ចំនួន​។ លោកជំទាវ​បាន​បន់ស្រន់​ឱ្យ​អ្នក​ដែល​រក​របួស​ឆាប់​បាន​ជាសះស្បើយ​ផងដែរ​។ ឆ្លៀត​នៅក្នុង​ឱកាស​នេះ លោកជំទាវ​ក៏បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជូនពរ​សម្ដេច​តេជោ និង​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​សូមឲ្យ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​។ លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានសភា​តួ​ក​គី​ផងដែរ ជូន​ចំពោះ​សម្ដេច​តេជោ​។​

​លោកជំទាវ​បាន​សម្ដែង​នូវ​ក្តីរីករាយ និង​មាន​មោទនភាព ដោយ​ឃើញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ទួកគី មាន​ការរីកចម្រើន​ជា​លំដាប់ ក្នុងនោះ មាន​ការបើក​ការិយាល័យ​ពាណិជ្ជកម្ម ថ្វី​ត្បិត​តែ​ទំហំ​ពាណិជ្ជកម្ម​មាន​ទំហំ​តូច ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាពគ្នា ក្នុង​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​នេះ ឲ្យ​កើន​ដល់​១​ពាន់​លាន​ដុល្លារ​ផង​ដែរ​នា​ពេលខាងមុខ​ទំនាក់ទំនង​កាន់តែ​ច្រើនឡើង​រវាង​ប្រជាជន​និង​ប្រជាជន ។ លោកជំទាវ​ក៏បាន​រំលឹក​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​តួ​ក​គី ពិសេស​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​យុវជន និង​កីឡា ក្នុងនោះ មាន​ការពង្រីក​សាលា និង​ការបង្កើន​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជា​បន្តបន្ទាប់​។ លោកជំទាវ​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី គ្រោង​នឹង​ពង្រីក​ការហោះហើរ​មក​កម្ពុជា​នា​ពេលខាងមុខ ហើយ​សង្ឃឹមថា ការភ្ជាប់​ទំនាក់ទំនង​នេះ នឹង​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ទេសចរណ៍​មាន​ការកើនឡើង​បន្ថែមទៀត​។ លោកជំទាវ​ក៏បាន​រៀបរាប់​ពី​ទំនាក់ទំនង និង ។ ប្រទេស​តួ​ក​គី​នឹង​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់ ហើយ​បាន​ស្នើសុំ​ឲ្យ​ភាគី​កម្ពុជា​ជួយ​គាំទ្រ​តួ​ក​គី​ក្នុង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ផងដែរ​។ លោកជំទាវ​មាន​ក្តីសង្ឃឹម​ទុក​ថា សម្ដេច​ប្រធានព្រឹទ្ធសភា នឹង​បង្កើន​នូវ​ទំនាក់ទំនង​ជាមួយ​សភា នៃ​ប្រទេស​តួ​ក​គី ឱ្យ​ដល់​កម្រិត​ខ្ពស់​នាពេលខាងមុខ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​អរគុណ​ចំពោះ​លោក​ជំទាវ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ឧបទ្ទវហេតុ កើតឡើង​កាលពី​ចុង​សប្តាហ៍​នេះ និង បណ្តាល​ធ្វើឲ្យ​យោធិន​យើង​ចំនួន​២០​រូប​បាន​ស្លាប់​បាត់បង់​ជីវិត និង​មួយចំនួនទៀត​ទទួល​រងរបួស​។ សម្ដេច​តេជោ ក៏​បាន​អរគុណ​លោកជំទាវ​ដែល​បាន​អបអរសាទរ​ចំពោះ​សម្ដេច​ដែល​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នា​ពេល​នេះ ហើយ​សម្ដេច​ក៏​បាន​អរគុណ​ផងដែរ​ដល់​ឯកឧត្តម​ប្រធានសភា​តួ​ក​គី ដែល​បាន​ផ្ញើ​សារ​អបអរសាទរ ហើយ​សម្ដេច​នៅ​ចាំបាន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​តួ​ក​គី ពេល​ដែល​ជួប​គ្នា​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម ស្ថិត​នៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្ដេច​ក៏​បាន​ជួប​ជាមួយ​ឯកឧត្តម​ប្រធានសភា​តួ​ក​គី​ផងដែរ​។ នៅក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ​ក៏​បាន​រៀបរាប់​ប្រាប់​លោក​ជំទា​វទូត​ពី​គោលបំណង​ដែល​សម្ដេច​សម្រេច​ធ្វើការ​ផ្លាស់ប្ដូរ និង​ផ្ទេរ​អំណាច​ទៅ​ដល់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ ដែល​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​ជា​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​ទុកចិត្ត​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្ដេច​តេ​ជោបាន​បន្តទៀ​ត​ថា​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​បន្តវេន​ក្នុង​រយៈពេល​៨​ខែ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ដំណើរការ​ល្អប្រសើរ មាន​ស្ថិររភាព កំណើន​សេដ្ឋកិច្ច​ល្អប្រសើរ និង​អតិផរណា​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា​បាន​មានប្រសាសន៍ថា​នៅក្នុង​អាណត្តិ​ទី​៥ នៃ​ព្រឹទ្ធសភា​នេះ សម្តេច​នឹង​ផ្ដោត​អទិភាព​សំខាន់​ទៅលើ​កិច្ច​ការងារ​បរទេស​។ ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​វិញ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ទំហំ​ពាណិជ្ជកម្ម​របស់​យើង​គឺ​នៅ​តូច​នៅឡើយ ដែល​ពុំ​ទាន់​សក្តិសម​ទៅ​នឹង​សក្តានុពល​ដែល​ប្រទេស​ទាំង​ពីរ​មាន ។ សម្តេច​ជឿជាក់ថា​គោលដៅ ១​ពាន់​លាន​ដុល្លារ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ទាំងពីរ​អាច​សម្រេចបាន​នាពេលខាងមុខ ។ ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ដូច្នេះ​សម្ដេច​បាន​មានប្រសាសន៍ថា ស្ថាប័ន​ទាំង​ពីរ​គួរតែ​មាន​កម្មវិធី​ឱ្យ​ច្រើន​ដើម្បី​រំលឹក​ខួប​ទំនាក់ទំនង​នេះ​។ ទាក់ទង​ទៅនឹង​ការហោះហើរ​ត្រង់​ពី​តួ​ក​គី​មក​កម្ពុជា សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា វា​នឹង​អាច​ធ្វើឲ្យ​ទេសចរណ៍​ពី​ប្រទេសជិត​ខាងតួក​គី យក​ប្រទេស​ទួ​គីជា​កន្លែង​ចាប់ផ្ដើម​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កម្ពុជា​ផង​ដែរ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើសុំ​អញ្ជើញ​ប្រធានសភា​តួ​ក​គី មក​ចូលរួម​វេទិកា​អន្តរ​សភា​ដើម្បី​ការ​អត់ឱ្ និង សន្តិភាព និង​មហាសន្និបាត​លើក​ទី​១២ នៃ​សន្និសីទ​អន្តរជាតិ​គណបក្សនយោបាយ​អាស៊ី (ICAPP) ដែល​កម្ពុជា នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខ​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ធ្វើ​ជា​ធិបតី និង ដឹកនាំ​កិច្ចប្រជុំ​នៃ​មហាសន្និបាត​នេះ ហើយ​សម្ដេច​តេជោ នឹង​ត្រូវ​បាន​អញ្ជើញ​ធ្វើជា​ប្រធាន​កិត្តិយស នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​។ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា និង​លោកជំទាវ​ឯ​កគ្គ​រដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ពិគ្រោះ​ពិភាក្សា​គ្នា​ផង​ដែរ ទៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា ជាពិសេស សភាពការណ៍​នៃ​សង្គ្រាម រុស្ស៊ី​-​អ៊ុ​យក្រែន និង​សភាពការណ៍​នៅ​មជ្ឈិមបូព៌ា​ផងដែរ​៕

 

Leave a Reply

Your email address will not be published.