ព័ត៌មានជាតិ

​ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ធ្វើតេស្ត រក​សារធាតុ​ញៀន​ក្នុង​ក្របខណ្ឌ​នៃ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រី​ជាប់​កិច្ចសន្យា​សរុប​ចំនួន ១៨៤០ នឹង​ត្រូវ​ធ្វើ​តេស្ត​រកសា​រ​ធាតុ​ញៀន​។ ជា​យុទ្ធនាការ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការប្តេជ្ញាចិត្ត «​កម្ពុជា​ជា​ប្រទេស​គ្មាន គ្រឿងញៀន និង​រក្សា​គ្រួសារ​នី​មួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា កិច្ចការងារ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ព័ត៌មាន គឺ​ធ្វើឡើង​ស្រប​ទៅនឹង​ការអនុវត្ត​បទបញ្ជារ​បស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០១ បប ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តី​អំពី​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖«​យើងទាំងអស់គ្នា​មាន​កាតព្វកិច្ច​ក្នុងការ​ធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ទាំងអស់គ្នា​រាប់ទាំង​រូប​ខ្ញុំ​ផង​ដែរ​»​។

​ដើម្បី​ជា​គំរូ​ដល់​មន្ត្រីរាជកា​រដ​ទៃ​ទៀត ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ​នោះ បាន​ធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន និង​បន្ត​ដោយ​ថ្នាក់​ដឹកនាំ​និង​មន្ត្រីរាជការ​មកពី​អគ្គនាយកដ្ឋាន​ជំនាញ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ទទួលបាន​លទ្ធផល​ល្អ​ទាំងអស់គ្នា​។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គោរព​ថ្លែងអំណរគុណ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែល​បានអនុញ្ញាត​ផ្តល់​មន្ត្រី​បច្ចេកទេស​ជួយ​ធ្វើតេស្ត​រកសា​ធារ​តុ​ញៀន និង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី ទិប្រឹក្សា ជំនួយការ​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​កាតព្វកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ​។

​តាមរយៈ​របាយការណ៍​លើកឡើង​ដោយ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានអោយដឹងថា គិត​មកដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៤​កន្លងទៅនេះ ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ មួយ ចំនួន​បាន​ចាត់តាំង​អនុវត្ត​បទបញ្ជា​នេះ ដោយ​បាន​ធ្វើតេស្ត​រហ័ស រក​សារធាតុ​ញៀន ក្នុង​ទឹកមូត្រ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ យោធិន ព្រមទាំង​មន្ត្រី ជាប់​កិច្ច សន្យា សរុប​បាន​ចំនួន ៥៦ ៤៤៥ រូប ក្នុងនោះ​មាន លទ្ធផល​វិជ្ជមាន​សារធាតុ​ញៀន ក្នុង​ទឹក មូ​ត្រ ចំនួន ៧៦​រូប ដែល​មន្ត្រី​ទាំងនេះ​ត្រូវ​បាន​បណ្តេញចេញ​ពី​ក្របខ័ណ្ឌ​។​

​ជាមួយ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​បន្ត​អនុវត្ត​បទបញ្ជា ០១ បប ប្រកបដោយ​ប្រសិទ្ធិភាព ដោយ​ធ្វើការ​កៀគរ​ជំនួយ ដើម្បី​ទទួលបាន​ឧបករណ៍​ធ្វើតេស្ត​បន្ថែម​, សហការ​ជាមួយ​ក្រសួង​សុខាភិបាល បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​មួយ​ឡើង សម្រាប់​ធ្វើ​តេស្ត​បញ្ជាក់​ឡើងវិញ ក្នុងករណី​មាន​ការតវ៉ា​ពី​មន្ត្រី​អំពី​លទ្ធផល​តេស្ត​, បើក​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូ​បង្គោលតាម​ស្ថាប័ន អង្គភាព​,​ណែនាំ​ដល់​សាមីក្រសួង​-​ស្ថាប័ន ដែល​បាន​បណ្តេញ​មន្ត្រី​វិជ្ជមាន​សារធាតុ​ញៀន​ចេញ ឱ្យ​បញ្ជូន​ពួកគាត់​ទៅ​ទទួល​ការព្យាបាល និង​ស្តារនីតិសម្បទា​៕

Leave a Reply

Your email address will not be published.