កំពង់ស្ពឺ÷ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដូចទិសស្លោកបរិស្ថានថាៈ ការការពារបរិស្ថាន គឺៈ ការពារជីវិតយើង ការបំផ្លាញបរិស្ថាន គឺៈបំផ្លាញខ្លួនយើង ផ្តើមចេញពីនិយមន័យនេះហើយ ដែលតម្រូវឱ្យ រាជរដ្ឋាភិបាល ក៏ដូចជាៈក្រសួងស្ថាប័នជំនាញបរិស្ថាន អាជ្ញាធរខេត្ត មានការយកចិត្តទុកដាក់រៀបចំពិធីនេះ ឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបំផុសស្មារតីភ្ញាក់រលឹកទទួលខុសត្រូវរួមគ្នាលើការងារអភិវឌ្ឍន៍ ប្រកបដោយចីរភាព សំដៅធានាបាននូវសោភ័ណ្ឌភាព អនាម័យ បរិស្ថានស្អាត និងសុខភាពល្អ លោក សុខ សុទ្ធី អភិបាលរងខេត្តមានប្រសាសន៍ដូច្នេះ ខណ:ដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា ក្រោមប្រធានបទៈ “ប្រយុទ្ធការបំពុលដោយប្លាស្ទិក”ពិធីនេះដែលប្រារព្ធធ្វើនៅសាលាវិទ្យាល័យ ជា ស៊ីម ស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ សមាសភាពចូលរួមប្រមាណជា៤៧០នាក់ ដោយមានវត្តមាន ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងទិវារបរិស្ថានជាតិ និងពិភពលោក៥មិថុនាឆ្នាំ២០២៥ និងមានសមាសភាពចូលរួមតំណាងមន្ទីរអង្គភាពជុំវិញខេត្តក្រុងស្រុកទាំង ៩ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណជា៤៧០នាក់។ ពិធីនេះដែលប្រារព្ធធ្វើនៅសាលាវិទ្យាល័យជាស៊ីមស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៥។
លោកអភិបាលរងខេត្តថា ឆ្នាំ២០២៥ ក៏ជាឆ្នាំសំខាន់របស់ប្រជាជាតិនានាទាំង១១៤ប្រទេសនៅលើពិភពលោក ដែលបានពិភាក្សាអំពី បញ្ហាប្រឈមបរិស្ថានជាសកល និងបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិទិវាបរិស្ថាន ពិភពលោក ដែលប្រារព្ធឡើងនៅថ្ងៃទី៥ ខែមិថុនា ត្រូវបានជ្រើសរើសជាកាលបរិច្ឆេទប្រចាំឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃ បើកសន្និសិទ និងជាយុទ្ធនាការសកលដ៏ធំ ហើយមានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិ សម្រាប់ការប្តេជ្ញាចិត្ត ក្នុងការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី។ គោលបំណងសម្រាប់ឆ្នាំ២០២០ ២០៣០ ដោយអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដូចជា៖ ភាពស្អាត ភាពបៃតង និងចីរភាព សំដៅពង្រីកទ្រង់ទ្រាយធំនៃ ភូមិឋាន វត្តអារាម សាលារៀន ផ្លូវថ្នល់ និងទីសាធារណៈ បរិស្ថានល្អ គ្មានសំរាមប្លាស្ទិក ទេសភាពព័ណ៌បៃតងស្រស់បំព្រង រក្សាបាននូវប្រព័ន្ធអេកូឡូស៊ី និងដើម្បី ប្រឆាំងនឹងវិបត្តិអាកាសធាតុ និងបង្កើតសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងជីវចម្រុះ។ល។
លោកបានបន្តទៀតថា ទិវារបរិស្ថានជាតិ និងពិភពលោក៥មិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ជាតិត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅវិមានឈ្នះៗ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហា ក្សត្យនៃព្រះរាជាណាកម្ពុជា ក្រោមប្រធានបទៈ «ប្រយុទ្ធការបំពុលដោយប្លាស្ទិក ក្នុងនាម រដ្ឋបាលខេត្ត ខ្ញុំសូមប្រកាស និងស្នើសុំបន្ត៖
-ចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើ ប្លាស្ទិកទេទាំងអស់គ្នា។ -អនុវត្តយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាននៅតាមភូមិ ឃុំ ស្រុក ក្រុង របស់យើងទាំងអស់គ្នា ដោយសម្អាតតាមផ្ទះ តាមផ្លូវ ទីសាធារណៈក្នុងមូលដ្ឋានឱ្យបាន២ដងក្នុង១ សប្តាហ៍ជាប្រចាំ ដើម្បីភាពស្អាត លើដី ស្អាតក្នុងទឹក និងស្អាតលើមេឃ។ -ចូលរួមដាំកូនឈើនៅតាមដងផ្លូវ តាមសាលារៀន តាមវត្ត តាមផ្ទះ និងតាមទីសាធារណៈ។ ល។ ជំនួសសំរាមប្លាស្ទិក ដើម្បីធ្វើបដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនកិច្ចក្នុងខេត្តកំពង់ស្ពឺរបស់យើងឱ្យកាន់តែច្រើនឡើងផងដែរ៕