ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​ក្រចេះ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​ប្រយុទ្ធ​ប្រឆាំង​ការបំពុល​ដោយ​ប្លា​ស្ទិក (Beat Plastic Pollution)”

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហង់ ចាន់​ឌី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​ប្រយុទ្ធ​ប្រឆាំង​ការបំពុល​ដោយ​ប្លា​ស្ទិក (Beat Plastic Pollution)” នៅ​បរិវេណ​អនុវិទ្យាល័យ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្ត​ក្រចេះ មន្ទី​បរិស្ថាន សហការ​ពី​អង្គការ​WWF,WCS,CRDT និង​អង្គការ​FLO ។​

​ឯកឧត្តម ហង់ ចាន់​ឌី អភិបាលរង​ខេត្ត បាន​ថ្លែងថា ៖​ទិវា​នេះ​រៀបចំឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន និង​ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ សិស្ស និស្សិត និង​សា​ធារ​ជន​ទាំងអស់​ចូលរួម​ឱ្យ​បាន​ផុសផុល ក្នុង​កិច្ច​គាំពារ​បរិស្ថាន (​គុណភាព​ខ្យល់ ទឹក សំឡេង​) ការគ្រប់គ្រង​សំរាម ប្លា​ស្ទិក ដើម្បី​រួមគ្នា​ការពារ​ភពផែនដី​យើង ឱ្យមាន​ភាព​ស្អាត បៃតង និង​ចីរភាព​ជា​ឧត្ដម​ប្រយោជន៍​ដល់​សង្គម និង​មនុស្សជាតិ​គ្រប់​ជំនាន់​។​

​ឯកឧត្តម​បន្តថា ៖ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ ធានា​សមធម៌ បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព សំដៅ​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ កត្តា​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ កំណើន​ជីវភាព​ប្រជាពលរដ្ឋ គួបផ្សំ​នឹង​ភាព​ស៊ីវិល័យ​សង្គម និង​ការរស់នៅ​បាន​ធ្វើឱ្យ​ការប្រើប្រាស់​សម្ភារ​ប្លា​ស្ទិក​មាន​ការកើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ក្រៅពី​ថង់ប្លាស្ទិក នៅ​មាន​សម្ភារ​ប្លា​ស្ទិក​បម្រើ​ផ្នែក​អាហារ និង​ភេសជ្ជៈ ដូចជា​ចាន ប្រអប់​ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់​បឺត ប្រអប់​ជ័រ​ដែល​កំពុង​ពេញ​និយម​ប្រើប្រាស់​កាន់តែ​ច្រើនឡើង​។

​ដូច្នេះ សូម​រួមគ្នា​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​គ្រប់​រូបភាព និង​ជំរុញ​ការចូលរួម​ក្នុង​ការធ្វើ​អនាម័យ ការដាំ​ដើមឈើ និង​ការគ្រប់គ្រង ទុកដាក់ និង​វេច​ខ្ចប់ សំណល់​រឹង សំរាម​ក្នុង​ធុងសំរាម ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការដុត ឬ​បោះចោល មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​បង្ក​ការប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​គុណភាព​បរិស្ថាន ៕ ដោយ លោក ម៉ែន បូរិទ្ធ​

 

 

Leave a Reply

Your email address will not be published.