ក្រចេះ÷ នារសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គចាប់យកឌីជីថលស្តីពី “ការធ្វើសមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ” ដល់តំណាងក្រុមហ៊ុនសហគ្រាស នៅទូទាំងខេត្តក្រចេះ នៅសាលមហោស្រពខេត្ត ។
ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី បានគូសបញ្ជាក់ថា ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស” ដែលហៅជាភាសាអង់គ្លេស “Enterprises Go Digital” ឬហៅកាត់ថា EGD គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រអាទិភាព ដែលបានដាក់ចេញនៅក្នុងសសរស្តម្ភ “ធុរកិច្ចឌីជីថល” នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដែលមានសក្ដានុពល និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។
ឯកឧត្តម បន្តថា ៖ កម្មវិធី EGD គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីគាំទ្រជាច្រើនរបស់រាជរដ្ឋាភិបាលជូនដល់សហគ្រាស, ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ។ បន្ថែមពីនេះ កម្មវិធី EGD ត្រូវបានរៀបចំក្នុងគោលបំណងពង្រឹងសមត្ថ-ភាពឌីជីថលរបស់សហគ្រាស ដើម្បីជំរុញឱ្យសហគ្រាសគ្រប់កម្រិតអាចក្លាយជាភ្នាក់ងារដ៏សកម្មនៅក្នុងសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងបង្កើនការរួមចំណែករបស់ វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
ឯកឧត្តមបន្តទៀតថា ៖ ម្ចាស់អាជីវកម្ម ឬតំណាងសហគ្រាស, សហគមន៍កសិកម្ម, ម្ចាស់ចំការ, អ្នកលក់ដូរ, ម្ចាស់ភោជនីយដ្ឋាន ឬបុគ្គលស្វ័យនិយោជន៍ ដែលស្ថិតនៅក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ដែលបានអញ្ជើញចូលរួមវគ្គចាប់យកឌីជីថល ស្តីពី “ការធ្វើសមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ” ជំនាន់ទី២ នាថ្ងៃនេះ នឹងទទួលបានចំណេះដឹង និង អត្ថប្រយោជន៍តាមរយៈការសិក្សាទៅលើប្រធានបទសំខាន់ៗ រួមមាន៖-ការចាប់យកបច្ចេកវិទ្យាឌីជីថលកម្រិតមូលដ្ឋានសម្រាប់អាជីវកម្ម, ដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្ម និងការធ្វើទីផ្សារឌីជីថលដែលមានបញ្ចូលការពិភាក្សា និងការអនុវត្តដោយផ្ទាល់ជាមួយអ្នកជំនាញឌីជីថល ឬគ្រូឧទ្ទេស-ការផ្តោតទៅលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ គឺស្របទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកែប្រែមុខមាត់ខេត្តក្រចេះ ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទាំង ៣ ស្របតាមកត្តាភូមិសាស្ត្រ និងសក្ដានុពលរបស់ខេត្ត ដូចបានដាក់ចេញនៅក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨” ដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ២៨ សសរ ចុះថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ ដើម្បីដាក់ឱ្យអនុវត្តកម្មវិធីពិសេសនេះជាផ្លូវការ ៕ ដោយ លោក ម៉ែន បូរិទ្ធ