ព័ត៌មានជាតិ

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី និង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន អញ្ជើញ​សម្ពោធ​សមិទ្ធផល​ថ្មីៗ​ជូន​អ្នក​កំពង់ស្ពឺ

កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ប្រធានកិត្តិយស​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​គណៈ​ធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សាលា​ពុទ្ធិកបឋមសិក្សា សាលា​ទទួល​ភ្ញៀវ ខ្លោងទ្វារ និង​សមិទ្ធផល​នានា នៅ​វត្ត​ចំប៉ា​ចារ៍​  ស្ថិតនៅក្នុង​ភូមិ​សំពៅ​លូន ឃុំ​អង្គ​ព​ពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ក្នុង​ពិធី​នេះ​មាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​ថេរានុត្ថេរៈ​ទាំង​ពីរ​គណៈ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ អាចារ្យ គណៈកម្មការ បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ សរុប​ប្រមាណ ៨០០​អង្គ​/​នាក់​។

​មានប្រសាសន៍​រាយការណ៍​ជូន​អង្គពិធី ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​រៀបរាប់​ថា វត្ត​ចំប៉ា​ចារ៍ ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៨១០ មកដល់ពេលនេះ​មាន​អាយុកាល ២១៥​ឆ្នាំ​ហើយ​។ ចាប់​តាំង​ឆ្នាំ​២០១៤ ដល់​បច្ចុប្បន្ន ព្រះចៅអធិការ​វត្ត ព្រះនាម ឃី ណា​រិទ្ធ បាន​ដឹកនាំ កសាង​សមិទ្ធផល​ជាច្រើន ដែល​ត្រូវ​សម្ពោធ​ឆ្លង​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​វត្ត​ចំប៉ា​ចារ៍ នាពេលនេះ រួមមាន​៖ សាលា​ពុទ្ធិកបឋមសិក្សា (​សាលា​បាលី​) ទទឹង ៨​ម៉ែត្រ បណ្តោយ ១៦​ម៉ែត្រ កម្ពស់ ០២​ជាន់​, ព្រះ​ពុទ្ធបដិមា​ឱ្យ​អភ័យ​សត្វ ០១​ព្រះអង្គ​, សាលា​ទទួល​ភ្ញៀវ ១​ខ្នង​, ខ្លោងទ្វារ​២, របង​វត្ត​ប្រវែង ៤០៦​ម៉ែត្រ ស្មើនឹង ១៥​ប្រឡោះ​, ផ្លូវ​បេតុង​ចំនួន ២​ខ្សែ​, ស្ពានបេតុ​១ និង​សមិទ្ធផល​នានា​។

​ក្រោយ​បាន​ស្តាប់​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​ឯកឧត្តម​អភិបាលខេត្ត​រួច​មក ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​របាយការណ៍​ដែល​បាន​លើកឡើង​ដោយ ឯកឧត្តម​អភិបាលខេត្ត មុននេះ ដែល​បាន​បង្ហាញ​ពី​សមិទ្ធផល​ដែល​សម្រេចបាន និង​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​លើ​គ្រប់​វិស័យ ក្នុង​ក្របខណ្ឌ​ខេត្ត​កំពង់ស្ពឺ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ពិសេស​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទៅតាម​ទី​ជនបទ​ដាច់ស្រយាល និង​ជំរុញ​ការផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ដែល​មាន​ស្រាប់​ដ៏​មាន​សក្តានុពល​ក្នុង​ទឹកដឹ​នៃ​ខេត្ត​កំពង់ស្ពឺ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏​ដូចជា​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្ត​ថា​សមិទ្ធផល​ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់ អំពី​ជំនឿ​ដ៏​មុតមាំ របស់​ពុទ្ធសាសនិក​យើង និង​ការប្តេជ្ញា​ចិត្ត ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ ក្នុង​ការចូលរួម​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។ ជាពិសេស សាលា​ពុទ្ធិកបឋមសិក្សា​នេះ នឹង​បម្រើ​ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ និង សមណ​សិស្ស​គ្រប់​ព្រះអង្គ ដែល​គង់នៅ​វត្ត​ចំប៉ា​ចារ៍ ក៏ដូចជា​ព្រះសង្ឃ​នៃ​ឃុំ​អង្គ​ពពេល ស្រុក​គងពិសី​ទាំងអស់ ដោយ​សាលា​នេះ នឹង​ផ្តល់​ជាទី​បណ្តុះបណ្តាល​ដល់​ព្រះសង្ឃ អំពី​បាលី​ធម្ម​វិន័យ និង​បង្ហាត់បង្រៀន​ក្មេងៗ​មួយចំនួន ដែល​គ្មាន​លទ្ធភាព និង​ស្នាក់នៅ​វត្ត​ផង​ដែរ​៕​

Leave a Reply

Your email address will not be published.