ព័ត៌មានជាតិ

ខុទ្ទកាល័យ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន មេត្តា​ជ្រាប​ថា​៖ “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” នឹង​ត្រូវ​បិទ​បញ្ចប់ ដោយ​ឈប់​ទទួល​ការចូលរួម​បរិច្ចាគ​វិភាគទាន​ស្ម័គ្រចិត្ត ចាប់ពី​ថ្ងៃ​ទី​៣១ ខែតុលា​ឆ្នាំ​២០២៤ ខាងមុខ​នេះ​តទៅ

​ឆ្លៀត​ក្នុង​ឱកាស​នេះ ខុទ្ទកាល័យ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី សូម​ថ្លែង​អំណរ​ព្រះ​គុណ​ថ្វាយ​ប្រគេន​សម្តេច​ព្រះសង្ឃ ព្រះ​រាជាគណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៤ នេះ មាន​បងប្អូន​ជនរួមជាតិ​ប្រមាណ​ជិត​៧០​ម៉ឺន​អង្គ​/​នាក់ បាន​ចូលរួម​បរិច្ចាគ​វិភាគទាន​ស្ម័គ្រចិត្ត​យ៉ាង​ផុលផុស​ដោយ​សរុប​ជា​ទឹកប្រាក់ ចំនួន USD26,332,883.00 (​ម្ភៃ​ប្រាំមួយ​លាន​សាមសិប​បី​ម៉ឺន​ពីរពាន់​ប្រាំបី​រយ​ប៉ែតសិប​បី​ដុល្លារ​អាមេរិក​)​។ វិភាគទាន​ស្ម័គ្រចិត្ត​ដែល​ទទួលបាន​នេះ នឹងត្រូវ យក​ទៅ​ប្រើប្រាស់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ។

​អាស្រ័យ​ដូច​បាន​ជម្រាប​ដំណឹង​ខាងលើនេះ សម្រាប់​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​បំណង​ចូលរួម​បរិច្ចាគ​វិភាគទាន​ស្ម័គ្រចិត្ត​ក្នុង “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” សូម បន្ត​ទាក់ទង​ក្រុមការងារ​មូលនិធិ និង​ធ្វើ​ការបរិច្ចាគ​ទៅកាន់​គណនី​ធនាគារ​របស់​មូលនិធិ​ឱ្យ​បាន​រួសរាន់​នៅ មុន​ថ្ងៃ​ទី​៣១ ខែតុលា​ឆ្នាំ​២០២៤ ខាងមុខនេះ ៕

Leave a Reply

Your email address will not be published.