កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ពិធីបានប្រារព្ធនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អាគាររដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក
អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សារខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៩ ក្រុមការងារលេខាធិការដ្ឋានខេត្ត និងក្រុមការងារលេខាដ្ឋានក្រុង ស្រុក សរុបប្រមាណជា៩៩រូប។
ក្នុងមតិស្វាគមន៍ និងតម្រង់ទិសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ និងមានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអាជ្ញាមូលដ្ឋានគ្រប់ៗរូបដែលបានរៀបចំ បុណ្យភ្នំ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការបំពេញ ការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងទិសដៅការងារ សម្រាប់ត្រីមាសបន្ទាប់។ ឯកឧត្តមបណ្ឌិត អភិបាល ក៏បានលើកឡើងថា “តាមរយៈលទ្ធផលដែលសម្រេចបាន គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវជាក្រុមការងារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំសមាសភាពក្រុមការងារចុះ មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការផ្សារភ្ជាប់ ទំនាក់ទំនង និងឆ្លើយតបសំណើ សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗទៀតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដល់ ការលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សហគមន៍នៅមូលដ្ឋាន និងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម”។
ក្រោយស្តាប់របាយការណ៍របស់ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំកិច្ចពិភាក្សា ដោយមានការចូលរួមមតិយោបល់យ៉ាងផុសផុល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ ឲ្យបន្តការងារស្នូលដែលក្រុមការងារ បាននិងកំពុងធ្វើ និងធ្វើរបាយការណ៍ជាប្រចាំដាក់ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់។ និងជួយសម្របសម្រួលការងារផ្សេងៗ ជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។
ឯកឧត្តមជឿជាក់យ៉ាងមុតមាំ ថាក្រុមការងារទាំងអស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតួនាទីភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រកបដោយភាពច្នៃប្រឌិត តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ៕