ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន​គណៈកម្មាធិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​៖ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥–​នៅ​សាលប្រជុំ​ធំ សាលាខេត្ត​កំពង់ស្ពឺ អញ្ជើញ​មាន​វត្តមាន​នា​ឱកាស​នោះ​រួមមាន ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈ​អចិន្រៃ្តយ៍ គណៈកម្មាធិការ​កណ្ដាល ស​.​ស​.​យ​.​ក​. និង សមាជិក សមាជិកា សរុប​ប្រមាណ​ជាង​៤៣០ រូប​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធាន​ស​.​ស​.​យ​.​ក​. ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​របាយការណ៍​ស​កម្ម​ភាព​សង្ខេប​ការងារ និង​លទ្ធផល​សំខាន់ៗ របស់​ស​.​ស​.​យ​.​ក​. ខេត្ត​ដែល​គូសបញ្ជាក់​ពី​ការចូលរួម​របស់​យុវជន​ខេត្តកំពង់ស្ពឺ​ក្នុង​សកម្មភាព​សង្គម ការងារ​ស្ម័គ្រចិត្ត និង​ការចូលរួម​កម្មវិធី​នានា ជា​ពិសេស​សកម្មភាព​យុវជន​ក្នុង​ការចូលរួម​គាំទ្រ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​ក្រោយ​ស្តាប់​ការប្តេជ្ញាចិត្ត​របស់​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធានកិត្តិយស​ស​.​ស​.​យ​.​ក​.​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ការថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​តែងតែ​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​យុវជន និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ស​.​ស​.​យ​.​ក​. ខេត្ត​កំពង់ស្ពឺ​ទាំងមូល ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​ខេត្តកំពង់ស្ពឺ ក៏ដូចជា​សង្គមជាតិ​យើង​ទាំងមូល ក្រោម​ទិស​ស្លោក «​រួមគ្នា​ដើម្បី​កំពង់ស្ពឺ​»​។

​ថ្លែង​ទៅ​កាន់​អង្គពិធី​ផងដែរ ឯកឧត្តម ហ៊ុន ម៉ា​នី​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​កន្លងមក​បាន​ផ្ដល់​ជា​បរិយាកាស និង​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្ត​កំពង់ស្ពឺ ក្នុង​ការអនុវត្ត​កិច្ច​ការងារ​សង្គម​នៅ​ក្នុង​រយៈកាល​កន្លងមក​។ ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន​ក៏បាន​លើកឡើង​នូវ​គុណ​តម្លៃ និង​បុព្វហេតុ​នៃ​សកម្មភាព​ទាំងឡាយ​របស់ ស​.​ស​.​យ​.​ក​. ដែល​បាន​បង្កប់​នូវ​អត្ថន័យ​លើស​ពី​គ្រាន់តែ​ជា​រូបភាព​។​

​សូម​ជម្រាប​ជូន​ដែរ​ថា​សមាសភាព​គណៈកម្មាធិកា​រ ស​.​ស​.​យ​.​ក​. ខេត្ត​កំពង់ស្ពឺ ចំនួន ២១៦ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់ ដោយ​ក្នុង​នោះ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ ត្រូវបាន​តែងតាំង​ជា​ប្រធានកិត្តិយស​ស​.​ស​.​យ​.​ក​.​ខេត្ត​កំពង់ស្ពឺ ដោយមាន ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ជា​ប្រធាន​។​

Leave a Reply

Your email address will not be published.