ក្រចេះ÷ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តម សួស សេរីសួស្ដី អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៤ របស់ខេត្តក្រចេះ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ សមាគម សិប្បកម្ម អាជីវកម្មជាច្រើនរូប។
ឯកឧត្តម សួស សេរីសួស្ដី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា៖ សិក្ខាសាលានៅថ្ងៃនេះគឺពិតជាសំខាន់ណាស់ក្នុងការចូលរួមការអភិវឌ្ឍន៍ធនធានមនុស្ស ទាក់ទងនឹងការជំរុញចលនាភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត ឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន។ ហើយគិតចាប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន មានផលិតផល សរុបចំនួន ១៦ផលិតផលត្រូវបានទទួលស្គាល់ជាផលិតផលភូមិមួយផលិតផលមួយ។
ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បំរើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបានបន្តថា ភូមិ១ផលិតផល១ សំដៅលើផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ហើយផលិតទាំងនោះឆ្លុះបញ្ចាំង ពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានដែលខ្លួនកំពុងរស់នៅ ហើយជលិតផលទាំងនោះមានសក្តានុពល ង្រឹងពង្រីកបានបរិមាណគុណភាព និងសោភណ្ឌភាព ដើម្បីបង្កើបានតម្លៃ និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីរ ដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ។
ជាមួយគ្នានោះដែល ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកទឹកចិត្តផលិតករ សិប្បករ ឧស្សហករ សូមខិតខំជួយផ្សព្វផ្សាយជំរុញឱ្យមានការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិ១ ផលិតផល១ បានកាន់តែច្រើន ព្រមទាំងបានចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៤ផងដែរ។ ដោយ ម៉ែន បូរិទ្ធ