កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អមដំណើរក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត លោកអភិបាល អភិបាលរង ក្រុង-ស្រុក ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឃុំ សង្កាត់ មេប៉ុស្តិ៍ យុវជនជាច្រើនរូបទៀត នៅសាលប្រជុំធំសាលាខេត្តកំពង់ស្ពឺ៕
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចូលរួមអបអរសាទរសាទរចំពោះ លោក រស់ សុខ ដែលត្រូវបានចូលកាន់មុខដំណែងជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ សម្រាប់តួនាទីភារកិច្ចថ្មីនេះ និង ការលើកទឹកចិត្តចំពោះបេសកកម្មនានា ដែលត្រូវបំពេញក្នុងការបំរើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងការងារ អភិរក្ស និងការងារអភិវឌ្ឍន៍អេកូទេសចរណ៍ឱ្យបានល្អប្រសើរ។ ទន្ទឹមគ្នានេះ ឯកឧត្តម សូមចូលរួមចែករំលែក និងផ្តល់នូវចំណេះដឹង បទពិសោធន៍មួយចំនួនសម្រាប់ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ដែលត្រូវចូលកាន់តំណែង នាពេលនេះ ក្នុងបរិបទ នៃកំណែទម្រង់ស៊ីជម្រៅ ការពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗបន្ថែមទៀត។
ឯកឧត្តម បានបន្តទៀតថា សូមអោយលោកប្រធានមន្ទីរទើបចូលកាន់ដំណែង គឺត្រូវបញ្ចេញ ឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលចាំបាច់ត្រូវសហកា រជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រង បាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ ដែលក្រសួងសាមី និងរដ្ឋបាលខេត្ត ប្រគល់ជូន ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ត្រូវចេះសាមគ្គីភាព បង្កើនកិច្ចសហការ និងជំរុញយុទ្ធនាការក្នុងរដូវកាលបៃតង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរ ឲ្យមានកំណើនបន្ថែមទៀត ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តាសក្តានុពលទេសចរណ៍ខេត្តកំពង់ស្ពឺឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរ នៅក្នុងរដូវកាលបៃតងនេះ ។
ឯកឧត្តមមានប្រសាសន៍បន្តថា វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សម្តេចធិបតីបានគាំទ្រយ៉ាងពេញទំហឹងលើយុទ្ឋនាការ រដូវកាលបៃតង Green Season ដែលក្រសួងទេសចរណ៍ បានដាក់ចេញសម្រាប់ចលនាទូទាំងប្រទេស ក្នុងការជម្រុញភាពទាក់ទាញពីទេសចរណ៍ទូទាំងពិភពលោក ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយបណ្តាអ្នកសារព័ត៌មាន និងក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងទិសដៅជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ខេត្ត ឱ្យទូលំទូលាយបន្ថែមទៀត ជាពិសេស ត្រូវផ្តល់កិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួនផងដែរ។