ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម យូ កូ​កូឡាំង (U Ko Ko Hlaing) បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម​

នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២ រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម យូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ឯកឧត្តម U Ko Ko Hlaing បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់​មី​យ៉ាន់​ម៉ា​ដែល​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​កម្ពុជា និង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ហើយ​សង្ឃឹមថា សម្ដេច​នឹង​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សភាពការណ៍​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា​។​

​ឯកឧត្តម U Ko Ko Hlaing បាន​ថ្លែងអំណរគុណ​សម្ដេច​តេជោ ហើយ​ចាត់​ទុក​នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ដែល​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម​នៅ​ពេល​នេះ​។ ក្នុងនាម​ជា​បេសកជន​ពិសេស ឯកឧត្តម បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ជូន​ចំពោះ​សម្ដេច​តេជោ និង អបអរសាទរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​កន្លង​ទៅ អបអរ​សារ​ទរ​សម្តេច​តេជោ​ដែល​បាន​ជាប់ឆ្នោត​ជា​ប្រ​ធាន​ព្រឹទ្ធសភា ព្រមទាំង​ជូនពរ​ថ្ងៃ​ខួបកំណើត​សម្ដេច​តេជោ ថ្ងៃទី​៥ ខែ​សីហា ខាងមុខ​នេះ​ផង​ដែរ​។ ឯកឧត្តម​បាន​អរគុណ​ចំពោះ​កម្ពុជា​ដែល​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​វេទិកា​អាស៊ាន​។ ឯកឧត្តម​ចាត់ទុកថា កម្ពុជា និង​មី​យ៉ាន់​ម៉ា មាន​ទំនាក់ទំនង​មិត្តភាព​អស់​រយៈកាល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។ ឯកឧត្តម​បាន​រំលឹក​ពី​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ទៅមី​យ៉ាន់​ម៉ា នា​ដើមឆ្នាំ​២០២២ ដែល​ពេលនោះ​ឯកឧត្តម​ក៏បាន​ចូលរួម​ក្នុង​ជំនួប​រវាង​សម្ដេច​តេជោ ជាមួយ​ឯកឧត្តម Min Aung Hlaing ផងដែរ​។ ឯកឧត្តម​ចាត់ទុក​សម្ដេច​តេជោជា​រដ្ឋ​បុរស​ដែល​ចាស់ទុំ​ជាងគេ ពោរពេញ​ទៅដោយ​បទពិសោធន៍ នៅក្នុង​អាស៊ាន​។​

​ឯកឧត្តម​បេសកជន​ពិសេស បាន​គូសបញ្ជាក់ថា សម្ដេច​តេជោ និង​កម្ពុជា​បាន​រួមចំណែក​ដ៏​មាន​តម្លៃ​ដល់​មី​យ៉ាន់​ម៉ា​។ ឯកឧត្តម ក៏​បាន​រំលឹក​អំពី​ជំនួប​ដ៏​មាន​សារៈសំខាន់​រវាង​សម្ដេច​តេជោ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing តាម​ប្រព័ន្ធ​វីដេអូ កាលពី​ខែ​ឧសភា​កន្លង​ទៅនេះ ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​ក្នុង​ការពង្រឹង ពង្រីក​បន្ថែម​ទៀត​នៅ​ទំនាក់ទំនង​ទ្វេភាគី និង​ការរួមចំណែក​របស់​កម្ពុជា ធ្វើឱ្យ​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច អំពី​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា ដូច​ជា​សភាពការណ៍​យោធា ការរៀបចំ​ការបោះឆ្នោត​ជាដើម​។ ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​ពី​ភាពជឿនលឿន​នៃ​វិស័យ​ការទូត​របស់​មី​យ៉ាន់​ម៉ា ជាពិសេស​ក្នុង​វេទិកា​អាស៊ាន និង​វេទិកា​តំបន់​ដែល​មី​យ៉ាន់​ម៉ា​បាន​ចូលរួម​។ ឯកឧត្តម​បាន​បញ្ជាក់ថា​មី​យ៉ាន់​ម៉ា​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន AHA និង បាន​ទទួល​ជំនួយ​ពី​កម្ពុជា នៅក្នុង​អំឡុង​ពេលេ​ជំងឺ​កូវី​ដ​១៩ និង គ្រោះធម្មជាតិ​ខ្យល់ព្យុះ​។ ឯកឧត្តម​ក៏បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ជំនួយ​ទ្វេភាគី និង ការគាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​វេទិកា​អាស៊ាន ដោយ​ឯកឧត្តម​ចាត់ទុក​ថា​បើ​គ្មាន​ការគាំទ្រ​ពី​ភាគី​កម្ពុជា​នោះទេ នោះ​អាស៊ាន​ពុំ​មាន​កុងសង់ស៊ីស នៅក្នុង​បញ្ហា​មី​យ៉ាន់​ម៉ា​នោះទេ នៅក្នុង​កិច្ចប្រជុំ​នៅ​ឥណ្ឌូនេស៊ី​នា​ឆ្នាំ​២០២១​។​

​ឯកឧត្តម លើកឡើងថា មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ដោយ​បាន​ត្រឹមត្រូវ សេរី​និង​យុត្តិធម៌ ដើម្បី​ប្រែក្លាយ​មី​យ៉ាន់​ម៉ា​ឱ្យមាន​ប្រជាធិបតេយ្យ​ដោយ​ការទទួលខុសត្រូវ​។ ឯកឧត្តម សង្ឃឹម​ថា​ក្រោយ​ការបោះឆ្នោត​ខាង​មុខ ស្ថានភាព​មី​យ៉ាន់​ម៉ា នឹង​ប្រសើរឡើង ហើយ​ប្រទេស​ទាំង​ពីរ​នឹង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Min Aung Hlaing ដែល​បាន​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​មកដល់​សម្ដេច និង​ការអបអរសាទរ​របស់​ឯកឧត្តម ក្នុង​ឱកាស​សម្ដេច​បាន​ជាប់ឆ្នោត​និង​ក្លាយជា​ប្រធានព្រឹទ្ធសភា និង​ការ​ជូនពរ​ថ្ងៃ​ខួប​កំណើត​របស់​សម្តេច​។ សម្ដេច​បាន​មានប្រសាសន៍ថា​នៅ​ថ្ងៃ​ទី​៥​សីហា​ខាង​មុខ​នេះ កម្ពុជា​និង​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ​ដែល​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​ភ្ជាប់​ពី​ទន្លេ​បាសាក់​ទៅកាន់​សមុទ្រ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។​

​សម្តេច​តេជោបា​នអរគុណ ឯកឧត្តម U Ko Ko Hlaing ដែល​បាន​ជម្រាបជូន​សម្ដេច​ពី​សភាពការណ៍​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា​។ សម្តេច​តេជោ បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់​កម្ពុ​ជា​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេលកន្លងមក ក្នុង​ការបញ្ចប់​សង្គ្រាម ការចរចា​នានា ដែល​ឈាន​ដល់​ការទទួលបាន​នូវ​សុខ​សន្តិភាព​មក​ដល់​សព្វថ្ងៃនេះ​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា ការរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ភាគី​ទាំងអស់ ជាក់ស្តែង យើង​មិន​អាច​ចោល​ភាគី​ពាក់ព័ន្ធ​ណាមួយ​ឡើយ ទោះបីជា​យើង​មិន​ចង់​ចរចា​ជាមួយ​ក៏ដោយ ដូច​ករណី​ភាគី​ខ្មែរក្រហម នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០​និង​ឆ្នាំ​១៩៩០​។ សម្ដេច​តេជោក៏បាន​ស្នើសុំ​ឱ្យ​រដ្ឋា​ភិបាល​មី​យ៉ាន់​ម៉ា ពិចារណា​លើ​សកម្មភាព​ទាំងអស់ ទាំង​យោធា ទាំង​នយោបាយ និង​ការទូត ដើម្បី​ស្វែងរក​សន្តិភាព​ដោយ​មិន​បោះបង់​ចោល​ភាគី​ណាមួយ​។​

​នៅក្នុង​វេទិកា​អាស៊ាន សម្ដេច​សូម​ឱ្យ​ភាគី​មី​យ៉ាន់​ម៉ា​គិតគូរ​ឱ្យបាន​ហ្មត់ចត់​ក្នុង​ការបន្ត​បញ្ជូន​តំណាង​មិនមែន​នយោបាយ​របស់​ខ្លួន មក​ចូលរួម​កិច្ចប្រជុំ​នានា​របស់​អាស៊ាន ចៀសវាង​កុំឱ្យ​កៅអី​នៅ​ទំនេរ​។ មី​យ៉ាន់​ម៉ា​ត្រូវ​រក្សា​ការចូលរួម​វេទិកា​ដទៃ​ទៀត​ដែល​ភាគី​មី​យ៉ាន់​ម៉ា​ជា​សមាជិក និង​កំពុង​មាន​តំណាង​នៅ​ទីនោះ ដោយ​ត្រូវ​ការពារ​និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​នានា ដែល​មី​យ៉ាន់​ម៉ា​មាន​ទំនាក់ទំនង​ជាមួយ​។​

​សម្តេច​តេជោ បាន​អរគុណ​ដល់ មី​យ៉ាន់​ម៉ា ដែល​បាន​ផ្តល់​ការទុកចិត្ត​មកលើ​កម្ពុជា និង បាន​គូសបញ្ជាក់ថា សម្តេច​បាន​ចែករំលែក​នូវ​បទពិសោធន៍​ដែល​កម្ពុជា​ធ្លាប់មាន ក្នុង​កិច្ច​ខិតខំ​ជួយ​និង​គាំទ្រ​មី​យ៉ាន់​ម៉ា​រក​ផ្លូវ​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន​។ កម្ពុជា​ពុំ​មាន​ផលប្រយោជន៍​យុទ្ធសាស្ត្រ នយោបាយ ឬ​សេដ្ឋកិច្ច​អ្វី​នោះ​ទេ ចំពោះ​ការប្រឹងប្រែង​ជួយ​នេះ ។ បំណង​តែមួយគត់​របស់​កម្ពុជា គឺ​មិន​ចង់​ឃើញ​ប្រជាជន​មី​យ៉ាន់​ម៉ា​រង​សោកនាដកម្ម និង​ទុក្ខវេទនា​ដោយសារ​សង្គ្រាម​អូសបន្លាយ ព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​រួចមកហើយ ។​

​ជា​ចុងក្រោយ សម្ដេច​តេជោ​បានស្នើឱ្យ​ឯកឧត្តម​បេស​ក​ជនពិសេស ពាំនាំ​នូវ​បណ្តាំ​សួរ​សុខទុក្ខ​របស់​សម្តេច ជូន​ចំពោះ​ឯកឧត្តម Min Aung Hlaing និង ជូនពរ​ឱ្យ​ឯកឧត្តម​បេសកជន​ពិសេស​មី​យ៉ាន់​ម៉ា និង​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​ភាពជោគជ័យ​៕

Leave a Reply

Your email address will not be published.