ព័ត៌មានជាតិ

ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឆ្នាំ​២០២៤

កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​ម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ប្រមាណ​ជា ២៥០​នាក់ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​បណ្ណាល័យ​កំពង់ស្ពឺ​។​

​លោកស្រី ចែ ផល្លី អនុប្រធាន​មន្ទីរ​អប់រំ​យុ​ជន និង​កីឡា​ខេត្ត​កំពង់ស្ពឺ មានមតិ​ស្វាគមន៍ និង​អាន​របាយការណ៍​សង្ខេប និង​ជម្រាបជូន​នូវ​ស្ថានភាព​អប់រំ​ក្នុង​ខេត្ត​កំពង់ស្ពឺ​រួច​មក ។​

​ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ពី​មនោសញ្ចេតនា​ប្រកបដោយ​សុទិដ្ឋិនិយម​គាំទ្រ និង​លើកកម្ពស់​សិទ្ធិ​កុមារ​ជា​មូលដ្ឋាន ព្រមទាំង​យកចិត្ត ទុកដាក់​ចំពោះ​កុមារ ជា​ពិសេស​ធ្វើឱ្យ​កុមារ​កាន់តែ​មាន​ភាពកក់ក្តៅ​ក្នុង​ការខិតខំ​រៀនសូត្រ ធ្វើឱ្យ​ពួកគេ​មាន​សមត្ថភាព វិជ្ជា​សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា ជា​មនុស្ស ពោរពេញ​ដោយ​តម្លៃ និង​សេចក្តីថ្លៃថ្នូរ មាន​ទំនុកចិត្ត លើ​ខ្លួនឯង អាច​ដោះស្រាយ​បញ្ហា ចេះ​សម្រេចចិត្ត ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​នាពេល​អនាគត និង​ប្រែ​ក្លាយទៅជា​ពលរដ្ឋ​ល្អ ជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ថែរក្សា​សន្តិភាព សុខដុម​នីយកម្ម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ គ្រប់​វិស័យ​។ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ បាន​ផ្ដល់​អាទិភាព ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​អាទិភាព​ចម្បង​ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​៥ ដើម្បី​សម្រេច​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ជា​អាទិភាព ការអភិវឌ្ឍ​ធនធានមនុស្ស រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ សកម្មភាព​ដូច​ខាងក្រោម​៖ ការ​ពង្រឹងគុណភាព វិស័យ​អប់រំ​កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ការលើកកម្ពស់​សុខភា​សុខុមាលភាព​ប្រជាជ​ន និង​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង ។​

​ក្មួយៗ​គ្រប់រូប​គួរ​ចង​ចាំ​ថា ជោគវាសនា​របស់​ព្រះរាជាណាចក្រ​កម្ពុជា មាតុភូមិ​ដ៏​ស្រស់ត្រកាល និង​គួរឱ្យ ស្រឡាញ់ របស់​យើង គឺ​ស្ថិតនៅលើ​ដៃ​របស់​ក្មួយៗ​គ្រប់រូប ហេតុនេះ​កាតព្វកិច្ច​ដ៏​សំខាន់​របស់​យើង​គឺ ការខិតខំ​រៀនសូត្រ ឱ្យបាន​ពូកែ ដើម្បី​ក្លាយខ្លួនជា “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​” និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ ជា​សសរទ្រូង​របស់​ប្រទេស ជា​កម្លាំងចលករ​សម្រាប់​អភិវឌ្ឍ​ជាតិ ហើយ​ផ្សព្វផ្សាយ​សក្តានុពល​ជាតិ​យើង ទៅកាន់​សកលលោក​។​

​ឯកឧត្តម​បាន​បន្កែមទៀតថា ការធ្វើ​ពិធី​រំលឹក​ខួប​១​មិថុនា ទិវា​កុមារ​អន្តរជាតិ និង​កុមារ​កម្ពុជា​គឺ​ដើម្បី​ឱ្យ​កុមារ​ទទួលបាន​នូវ​សិទ្ធិ​កុមារភាព​មួយ ប្រកប​ដោយ​សុភមង្គល ហើយ​នឹង​ប្រើប្រាស់​នូវ​សិទ្ធិសេរីភាព​ទាំងឡាយ​ដែល​មានចែង​នៅក្នុង សេចក្តីថែ្លងការណ៍​អនុ​សញ្ញា​អន្តរជាតិ​ស្តីពី សិទ្ធិ​កុមារ និង​ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ផ្ទាល់ខ្លួន​សម្រាប់​សង្គម ព្រមទាំង​សូម​អំពាវនាវ​ដល់​មាតា បិតា បុរស ស្ត្រី ដែល​ជា​បុគ្គល​គ្រប់ៗ​រូប និង​អង្គការ​ស្មគ្រ័ចិត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថា្នក់ សូម​ឱ្យ​ទទួលស្គាល់​នូវ​សិទ្ធិ​កុមារ​ទាំងនេះ ធ្វើ​ការគោរព​សិទ្ធិ​ដល់​កុមារ​គ្រប់ៗ​គ្នា ឯកឧត្តម​សូម​អំពាវនាវ​ដល់​ក្មួយៗ សិស្សានុសិស្ស​នៅ​ទីនេះ​ទាំងអស់ ក៏​ដូច​ជា​ក្មួយៗ​នៅ​ទូទាំង​ខេត្ត​សូមអោយ​ក្មួយៗ​ក្រោកឈរ​ឡើង​រួមដៃគ្នា​ជា​កំលាំង​សាមគ្គី​ឱ្យបាន​រឹងមាំ តស៊ូ​ដើម្បី សិទ្ធិ​សេរីភាព​និង​សន្តិភាព​ទូទាំង​សកលលោក ហើយ​ប្រឆាំង​ដាច់ខាត​នូវ​រាល់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​ការរំលោភបំពាន​គ្រប់​រូបភាព​មកលើ​ក្មួយៗ​កុមារ​ផង​ដែរ​។​

Leave a Reply

Your email address will not be published.