ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​បង្ហាញ​ភាព​ស្ញប់ស្ញែង​ចំពោះ​កម្លាំង​សាមគ្គី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​បរិច្ចាគ​ថវិកា​រួម​ចំណែក​គាំទ្រ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​បណ្តោយ​តំបន់​ព្រំដែន​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​ការរួមចំណែក​នេះ ថា​ជា​ការបង្ហាញ​ច្បាស់​នូវ​ទឹកចិត្ត​ខ្វល់ខ្វាយ និង​ឈឺឆ្អាល​ប្រកប​ដោយ​វិជ្ជមាន​របស់​ប្រជាពលរដ្ឋ ចំពោះ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា និង​បាន​បន្ថែមទៀតថា ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន គឺ​គ្មាន​ជនជាតិ​ណា ឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់​ជាតិ​មាតុភូមិ ចង់​ឃើញ​ភាព​រីកចម្រើន​ក្រោម​ម្លប់​សុខសន្តិភាព ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​នោះឡើយ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​ដែរ​ថា កន្លងមក និង​ថ្មីៗ​នេះ​ទៀត អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅប្រទេស រួម​ទាំង​ដៃ​ជើង ប្រកប​ដោយ​មនោគមវិជ្ជា​នយោបាយ​បំផ្លាញ​ផលប្រយោជន៍​ជាតិ បាន​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បង្ក​អសន្តិសុខ ដោយ​ជ្រក​ក្រោមលេស​ខ្វល់ខ្វាយ​មិន​សម​ហេតុផល ទាំង​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន ជាប់​ប្រទេស​ឡាវ និង​វៀតណាម​។

​ទន្ទឹម​នឹង​ចាត់ទុក​សកម្មភាព​ក្រុមប្រឆាំង​ជ្រុលនិយម ថា​ជា​ការធ្វើ​នយោបាយ​តាម​របៀប​ស្មោក​គ្រោក ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អំពាវនាវ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​បន្តវេន ដោយ​សង្កត់ធ្ងន់​ទៀត​ថា គ្មាន​រដ្ឋាភិបាល​ណា ចំណាយ​ធនធាន​ទៅ​អភិវឌ្ឍន៍​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​បរទេស ហើយ​ក៏​គ្មាន​អ្នកដឹកនាំ​ណា ដឹកនាំ​ប្រទេស នាំឱ្យ​បាត់បង់​ទឹក​ដី​នោះ​ដែរ​។

​សូមបញ្ជាក់​ថា ការ​ថ្លែង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីតមន្ត្រី​ចូលនិវត្តន៍ នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុងនាម​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អតីត​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​រួមចំណែក​បំពេញការងា​រ​បម្រើ​ជាតិ និង​ប្រជាជន ជា​ពិសេស​ការពា​រសុខ​សន្តិភាព និង​អភិវឌ្ឍន៍​ជាតិ​គ្រប់​ដំណាក់កាល​៕

Leave a Reply

Your email address will not be published.