ព័ត៌មានជាតិ

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ​(Santo Darmosumarto) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។​

​ជាបឋម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ឯកឧត្ដម ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា និង ឥណ្ឌូណេស៊ី នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ។

​ឯកឧត្តម​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​ឯកឧត្តម បាន​នាំ​សហការី ចូលជួប​សំដែង​ការគួរសម ។ ឯកឧត្តម​អគ្គរដ្ឋទូត​ក៏​បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា ហើយ​ឯកឧត្តម​សង្ឃឹមថា ក្នុងឋានៈ​ជា​ប្រធានព្រឹទ្ធសភា សម្ដេច នឹង​បន្ត​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ស្ថាប័ន​ព្រឹទ្ធសភា​កម្ពុជា និង​ឥណ្ឌូណេស៊ី​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត ។​

​ឯកឧត្តម​អគ្គរដ្ឋទូត បាន​លើកឡើង​ថា សម្ដេច​តេជោ គឺជា​មិត្ត​ល្អ ជា​មិត្ត​ពិតប្រាកដ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​សម្ដេច​បាន​រួមចំណែក​ក្នុង​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ ជាពិសេស​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ។ ឯកឧត្តម​អគ្គរដ្ឋទូត ក៏​បាន​អបអរសាទរ​ផងដែរ ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន កាលពី​ឆ្នាំ​២០២២ ហើយ​ដែល​ឥណ្ឌូណេស៊ី បាន​បន្ត​ការងារ​ជា​ប្រធាន​អាស៊ាន​ដោយ​កសាង​លើ​សមិទ្ធផល​របស់​កម្ពុ​ជា នៅ​ឆ្នាំ​២០២៣ ។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី Joko Widodo និង​ឯកឧត្តម Prabowo Subianto ប្រធានាធិបតី​ជាប់ឆ្នោត ដែល​នឹង​ចូលកាន់​តំណែង នៅ​ខែ​តុលា ខាងមុខនេះ​។ ក្នុងឋានៈ​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បាន​ប្ដេជ្ញា​ខិតខំ​ពង្រឹង​នៅ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ឥណ្ឌូណេស៊ី កាន់តែ​រីកចម្រើន​និង​រឹងមាំ​ថែម​ទៀត ជាពិសេស ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ហើយ​និង​ការលើកកម្ពស់​សេវា​ដល់​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ឯកឧត្តម ក៏បាន​លើកឡើង​ពី​សក្ដានុពល​ក្នុង​វិស័យ​កសិកម្ម ដែល​នៅ​ឆ្នាំ​២០២៣​កន្លងមក ប្រទេស​ឥណ្ឌូណេស៊ី​ចាប់ផ្ដើម​នាំចូល​ស្រូវ​អង្ករ​ពី​ប្រទេស​កម្ពុជា ហើយ​និង​ពី​ការចាប់អារម្មណ៍​លើ​ការវិនិយោគ​ផលិត​ស្រូវ​នៅ​កម្ពុជា​តែម្ដង​។​

​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឯកឧត្តម​អគ្គរដ្ឋទូត បាន​ពិនិត្យឃើញ​ថា​បច្ចុប្បន្ន ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌូណេស៊ី មាន​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ ហើយ​មិន​ទាន់​ប្រើប្រាស់​អស់​សក្ដានុពល​នៅឡើយ​ទេ ។ កម្ពុជា គឺជា​ដៃគូ​ដ៏​រឹងមាំ ហើយ​មាន​សក្ដានុពល​ច្រើន​ទៀត ដែល​អាច​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​បាន​លើស​ជាងនេះទៅទៀត ។ ឯកឧត្តម បាន​ជម្រាបជូន​សម្ដេច​តេជោផង​ដែរថា ស្ថានទូត​ឥណ្ឌូណេស៊ី នឹង​រៀបចំ​ពិព័រណ៍​សុខាភិបាល នៅ​ទីក្រុង​ព្រះសីហនុ នៅ​ចុងឆ្នាំ​នេះ ដើម្បី​បង្ហាញ​ពី​ផលិតផល​ក្នុង​វិស័យ​សុខាភិបាល​ជូន​ចំពោះ​ភាគី​កម្ពុជា ។ ឯកឧត្តម​អគ្គរដ្ឋទូត ក៏​បាន​ចាប់អារម្មណ៍​ទៅ​លើ​កិច្ច​សហការ​ក្នុង​វិស័យ​ដឹកជញ្ជូន ជាពិសេស​លើ​វិស័យ​ផ្លូវដែក​ផងដែរ ។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ ហ៊ុន​សែន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នឹង​បន្ត​ការងារ ជាមួយ ឯកអគ្គរដ្ឋទូត ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ។ សម្ដេច​ក៏​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​កន្លងទៅនេះ ដែល​ឯកឧត្តម Prabowo Subianto ត្រូវ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​តុលា​ខាងមុខនេះ ។​

​សម្ដេច​បាន​លើកឡើង​ថា ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​យូរអង្វែង​ហើយ​ពុំ​ដែល​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​នោះទេ ។ សម្ដេច​តេជោ ក៏​បាន​រំលឹក​ផងដែរ​ពី​អនុស្សាវរីយ៍ នៅក្នុង​ការធ្វើ​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ឥណ្ឌូណេស៊ី​ក្នុង​ការនាំមក​នូវ​សុខសន្តិភាព និង​ដំណោះស្រាយ​ចំពោះ​កម្ពុជា​។ ឥណ្ឌូណេស៊ី គឺ​តែងតែ​បាន​ប្រឹងប្រែង​ជួយ​ដោះស្រាយ​ក្នុង​ឋានៈ​ជា​សហប្រធាន​សន្និសីទ​ទីក្រុង​ប៉ារីស និង​ក៏​បាន​រំលឹក​ពី​កិច្ចប្រជុំ JIM 1 & 2 នៅ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។ ក្រោយមក សម្ដេច បាន​ធ្វើការ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បន្តបន្ទាប់ រហូតដល់ ឯកឧត្តម Joko Widodo អស់​រយៈពេល​ពីរ​អាណត្តិ​។ ដើម្បី​ជា​ការ​តបស្នង​ដឹងគុណ​ចំពោះ​ឥណ្ឌូណេស៊ី​, កម្ពុជា​បាន​រៀបចំ​ឱ្យមាន​វិថី​ពីរ ដែល​បាន​ដាក់ឈ្មោះថា វិថី​ស៊ូ​កាណូ និង​វិថី​អា​លី អា​ឡា​តា​ស ដែល​ជា​ឥស្សរជន​ឥណ្ឌូណេស៊ី បាន​រួមចំណែក​ជាមួយ​នឹង​កម្ពុជា ជាពិសេស គឺ​ឯកឧត្តម អា​លី អា​ឡា​តា​ស ដែល​បាន​ជួយ​ជ្រោមជ្រែង​រក​ដំណោះស្រាយ​សន្តិភាព ដល់​ប្រទេស​កម្ពុជា ។​
​ចំពោះ​កិច្ច​សហប្រតិបត្តិការ​និង​វិនិយោគ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ផ្ដល់​អនុសាសន៍​ថា ៖
​ទី​១) គឺ​ត្រូវ​ចាប់​យក​វិស័យ​កសិកម្ម​ជា​ស្នូល នាពេល​ខាងមុខ​នេះ ដោយ​កម្ពុជា​មាន​សន្តិសុខ​ស្បៀង ដោយ​នៅ​សល់​ស្រូវ​ច្រើន ហើយ ឥណ្ឌូណេស៊ី ដែល​មាន​ប្រជាជន​ច្រើន ត្រូវការ​ស្បៀង ។ កម្ពុជា​អាច​ជា​ទីកន្លែង​ដែល​អាច​ផ្គត់ផ្គង់​ស្បៀង​ប្រកបដោយ​ស្ថិរភាព ហើយ​សម្ដេច​តេ​ជោបាន​ជំរុញ​ឱ្យ​ឥណ្ឌូណេស៊ី ពិចារណា​ក្នុង​ការវិនិយោគ​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​តែម្ដង គឺ​ការរៀបចំ​ជា​ប្រព័ន្ធ​ផលិត ស្តុក​ទុក កិន ហើយ​អាច​វេច​ខ្ចប់ ដើម្បី​នាំចេញ​ទៅ​កាន់​ឥណ្ឌូណេស៊ី ឬ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ។ ការវិនិយោគ​ដោយ​ត្រង់នេះ នឹង​មាន​ផលប្រយោជន៍​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក អាច​ជួយ​ឱ្យ​កសិករ​កម្ពុជា​មាន​ទីផ្សា​រ ហើយ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​មាន​ប្រភព​ធានា​នូវ​សន្តិសុខ​ស្បៀង​រយៈពេល​យូរអង្វែង​។
​ទី​២)​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម សម្ដេច​តេជោ សង្កេតឃើញថា​មាន​ទំហំ​កើនឡើង តែ​មិន​ទាន់​អស់​សក្កា​នុព​ល​ដែល​ប្រទេស​ទាំង​ពីរ​មាន​នៅឡើយ ។ ភាគី​ទាំងពីរ​ត្រូវតែ​ពិនិត្យមើល អ្វី​ដែល​អាច​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ឱ្យបាន​ច្រើន​ថែម​ទៀត ដែល​ជា​ការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ព្រោះថា យើង​មាន​កិច្ចព្រមព្រៀង​មួយ​ចំនួន ដូចជា​ក្នុង​ក្រប​ខណ្ឌ AFTA និង RCEP ជាដើម ។
​ទី​៣)​ទាក់ទង​វិស័យ​សុខាភិបាល សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ណែនាំ​ឱ្យ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ធ្វើការ​ជាមួយនឹង​ក្រសួង​សុខាភិបាល​កម្ពុជា ។ ជាមួយគ្នានេះ សម្ដេច​តេជោ ក៏​បាន​កោតសរសើរ និង មាន​ការចាប់អារម្មណ៍​ទៅលើ​ការរីកចម្រើន​នូវ​វិស័យ​បច្ចេកវិទ្យា​របស់​ឥណ្ឌូណេស៊ី​ផងដែរ​។
​ជា​ចុងបញ្ចប់ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ស្នើ​ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ជូន​ចំពោះ ឯកឧត្តម ប្រធានាធិបតី​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី Joko Widodo និង ប្រធានាធិបតី​ជាប់ឆ្នោត ឯកឧត្ដម Prabowo Subianto ផងដែរ​។
​ឯកឧត្ដម ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី បាន​គោរព​ជូនពរ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា និង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ ហើយ ឯកឧត្តម បាន​សន្យាថា​នឹង​ខិតខំ​ពង្រឹង​និង​ពង្រីក​នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ឥណ្ឌូណេស៊ី និង​កម្ពុជា​អោយ​កាន់តែ​រឹងមាំ​ថែម​ទៀត​៕

Leave a Reply

Your email address will not be published.