ព័ត៌មានជាតិ

​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​អង្គារ ទី​១៦ កក្កដា ២០២៤ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​

​ជួប​ជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ជំទាវ និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ជាមួយគ្នានេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​បាន​នាំនូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី​ហ្វីលីពីន ជូន​ចំពោះ​សម្ដេច​ធិបតី និង​ការ​អរគុណ​ចំពោះ​សម្ដេច​ធិបតី​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​ហ្វីលីពីន​។ លើសពីនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត​ក៏​បាន​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ និង​អបអរសាទរ​លោកជំទាវ​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​ក៏​បាន​រំឭក​ពី​ទំនាក់ទំនង​ការទូត​ដ៏​យូរលង់​រវាង​កម្ពុជា​-​ហ្វីលីពីន និង​ដែល​តាមរយៈ​ទំនាក់ទំនង​នេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ការរីកចម្រើន ហើយ​សម្ដេច​ធិបតី​ជឿជាក់ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោកជំទាវ ទំនាក់ទំនង​នេះ​នឹង​កាន់តែ​ត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​។​

​សម្ដេច​ធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លេ​ី​វិស័យ​ជាច្រើន រួមមាន​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម តាមរយៈ​ការខិតខំ​បន្ថែមទៀត​លើ​ការជំរុញ​កំណេីន​ទំហំ​ពាណិជ្ជកម្ម ការនាំចេញ​ផលិតផល​កសិកម្ម​, ការជំរុញ​វិស័យ​ទេសចរណ៍​តាមរយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ឡើងវិញ​ពី​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វីលីពីន មក​កាន់​ខេត្ត​សៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, វិស័យ​អប់រំ និង​វិស័យ​សំណង់​ជា​ដេ​ី​ម​។ បន្ថែម​ពី​នេះ សម្ដេច​ធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​ពិភាក្សា​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​និង​សន្ដិសុខ​ជាតិ ដូចជា​ការធ្វើ​លំ​ហាត់​រួមគ្នា ការបណ្ដុះបណ្ដាល និង​ការប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន​។

​ជាទី​បញ្ចប់ សម្ដេច​ធិបតី បាន​ជូនពរ​ដល់​លោកជំទាវ ឯកអគ្គរដ្ឋទូត​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​របស់​លោកជំទាវ​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត ៕

Leave a Reply

Your email address will not be published.