ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ៖ កម្ពុជា​គឺជា​គម្រូ​នៃ​បទពិសោធន៍​រវាង​សន្តិភាព និង​ការអភិវឌ្ឍ

​រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ពុធ ទី​២១ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​បាន​ថ្លែង​កោតសរសើរ​ការអភិវឌ្ឍ​និង​ភាព​រីកចម្រើន​របស់​កម្ពុជា ដោយសារ​តែ​កម្ពុជា​មាន​សុខសន្តិភាព និង បានចាត់ទុក​កម្ពុជា គឺជា​គម្រូ​នៃ​បទពិសោធន៍​រវាង​សន្តិភាព និង​ការអភិវឌ្ឍ​។ លោកជំទាវ​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការបង្កើត​សង្គ្រាម​គឺ​ងាយស្រួល ប៉ុន្តែ នៅ​ពេល​សង្គ្រាម​ផ្ទុះ​ហើយ គឺ​មិន​ដឹង​ថា នឹង​បញ្ចប់​នៅពេល​ណា​ឡើយ ដូច​មាន​ឧទាហរណ៍​នៅ​ប្រទេស​មួយចំនួន​។ លោកជំទាវ​រដ្ឋមន្ត្រី​ក៏បាន​គោរព​រាយការណ៍​ជូន​សម្តេច​ធិបតី​អំពី​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​លើក​ទី​៥​របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូណេស៊ី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​(The 5th JCBC) ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី​២០-២១ ខែ​សីហា ឆ្នាំ​២០២៤​។

​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សន្តិភាព ដែល​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ និង​សង្កត់ធ្ងន់ថា ការសម្រេច​បាន​សន្តិភាព​មិន​ងាយស្រួល​ឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សុខសន្តិភាព ពោល​គឺ​មិន​ត្រូវឱ្យ​បាត់បង់​ដូច​អតីតកាល​។ សម្តេច​ធិបតី បាន​អរគុណ​ឥណ្ឌូណេស៊ី ដែល​បាន​រួមចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិ​ភាព​នៅ​កម្ពុជា នៅ​ចុង​ទស្សវត្ស ឆ្នាំ​១៩៨០ និង​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ចប្រជុំ​JCBC លើក​ទី​៥​។

​ដោយ​ឆ្នាំនេះ​គឺជា​ខួប​លើក​៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូនេស៊ី សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី​ការបរទេស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ពិភាក្សា​អំពី​ការបន្ត​ពង្រឹង និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​សំខាន់ៗ​មួយចំនួន ដូចជា វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន ព្រមទាំង ការពារជាតិ​និង​សន្ដិសុខ​៕

 

Leave a Reply

Your email address will not be published.