ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន​

នៅ​រសៀល​ថ្ងៃ​អង្គារ ១៣​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន​។​

​ក្រសួង​ព័ត៌មាន បាន​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ សន្និបាត​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន តំណាង​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​។ សន្និបាត​នេះ បាន​ពិនិត្យ​ទៅលើ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣ និង​បញ្ហា​ប្រឈម​នានា​។ សន្និបាត​ក៏​បាន​ពិនិត្យ​មើល​ការងារ ដែល​នឹង​ត្រូវ​អនុវត្តន៍​បន្ត​ក្នុង​ឆ្នាំ​២០២៤​ផងដែរ​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា តាមរយៈ​កិច្ចពិភាក្សា​ក្នុង​សន្និបាត​នេះ បាន​ផ្តល់​ធាតុ​ចូល​បន្ថែម ដើម្បី​ធ្វើឱ្យ​វិស័យ​សារព័ត៌មាន​កាន់តែ​ល្អប្រសើរ​។
​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ​ដល់​ការដឹកនាំ​វិស័យ​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ថ្មី និង​សម្តែង​ការដឹងគុណ​លោក ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ខិតខំ​ដឹកនាំ​វិស័យ​ព័ត៌មាន និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ព័ត៌មាន​។​

​សម្តេច​ធិបតី​បាន​បង្ហាញ​ការគាំទ្រ​ក្រសួង​ព័ត៌មាន ដែល​មាន​ចក្ខុវិស័យ​ធ្វើកំណែទម្រង់​វិស័យ​ព័ត៌មាន ឈរ​លើ​ស្មារតី «​ថ្មី ពិត លឿន និង​ជឿទុកចិត្ត​»​។ សម្តេច បាន​ថ្លែងថា សារព័ត៌មាន​ដើរតួនាទី​សំខាន់​ក្នុង​ការចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែក​លើ​នីតិរដ្ឋ​, ផ្តល់​ព័ត៌មាន​ពិត​, ផ្តល់​ការអប់រំ​, ចូលរួមចំណែក​កែលំអរ​សង្គម និង​បង្ហាញ​សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា ការប្រើប្រាស់​ព័ត៌មាន​ដោយ​ត្រឹមត្រូវ នឹង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ ថែរក្សា​សន្តិភាព ផ្តល់​ថាមពល​ដល់​ពលរដ្ឋ​ក្នុង​ការសម្រេចចិត្ត និង​ការដាក់ចេញ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​។ សម្តេច​បន្តថា រយៈពេល​៥​ខែ​មកនេះ សម្តេច​ទទួលបាន​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​ជាច្រើន​ក្នុងសង្គម តាមរយៈ​ព័ត៌មាន​ពី​បណ្តាញ​សង្គម​។​សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត តាមដាន​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិន​ត្រូវ​ប្រើ​ប្រព័ន្ធ​ឌីជីថល ដើម្បី​តែ​ទទួល​ព័ត៌មាន​នោះទេ តែ​ត្រូវ​ប្រើ​ឌីជីថល ដើម្បី​ទទួលបាន​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការថែរក្សា​តម្លៃ​របស់​អ្នកសារព័ត៌មាន​។ ដើម្បី​ថែរក្សា​តម្លៃ​សារព័ត៌មាន អ្នកសារព័ត៌មាន​ត្រូវ​រួមគ្នា​ការពារ​កុំ​ឱ្យ​អ្នកសារព័ត៌មាន​ប្រព្រឹត្ត​ទង្វើ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ រឹតបន្តឹង​ឡើងវិញ លើ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ដល់​ស្ថានីយទូរទស្សន៍​ទាំងអស់ ឱ្យ​បញ្ឈប់​សកម្មភាព​គាស់​ស្រា​បៀ​ផឹក​លើ​វេទិកា បន្ត​ទៀត​នោះ​ទេ​។
​សម្ដេច​ធិបតី​ក៏​ឲ្យ​ក្រសួង​ព័ត៌មាន​តាមដាន​ពិនិត្យ​មើល​ពី​បញ្ហា​នេះ​ផង​ដែរ ជាពិសេស​បណ្ដាញ​ផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍ និង​ក្រុមហ៊ុន​ផលិតផល​ស្រា​បៀរ​ទាំងអស់នោះ​ផងដែរ​។

​សម្តេច​បាន​ថ្លែង​ទៀតថា ច្បាប់​ពាក់ព័ន្ធ​សារព័ត៌មាន​បង្កើតឡើង ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​អ្នកសារព័ត៌មាន​។ សម្តេច​ធិបតី បាន​ថ្លែងថា រាជរដ្ឋាភិបាល​មិនមែន​ដឹង​គ្រប់សព្វ​នោះទេ ដូច្នេះ​ត្រូវការ​សារព័ត៌មាន​ជួយ​បំពេញបន្ថែម​។
​សម្តេច​បាន​ថ្លែងថា អភិបាល​រាជធានី​-​ខេត្ត មិនទាន់​ស្រុះគ្នា​ឆ្លើយតប​នឹង​បញ្ហា​នៅ​ឡើយ​ទេ ដែល​រឿង​ខ្លះ​អណ្តែត​លើ​បណ្តាញ​ព័ត៌មាន​យូរហើយ មិន​ដោះស្រាយ ទាល់តែ​ណែនាំ​ទើប​ចាត់វិធានការ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់ឱ្យ​មាន​ក្រុមការងារ​ពិសេស​ផ្នែក​ផ្សព្វផ្សាយ ដើម្បី​ជួយ​ដល់​ការផ្សាយ​របស់​រាជធានី ខេត្ត ដែលជា​សេនាធិការ​របស់​រាជ​នី​ខេត្ត​ដ៏​សំខាន់ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់​លឿន​ត្រឹមត្រូវ​ជា​មូលដ្ឋាន​ខេត្ត​របស់​ខ្លួន​ជា​ពិសេស​ត្រូវ​សហការ​ឲ្យ​ជាប់​ជាមួយ​អាជ្ញាធរ​ខេត្ត​មន្ទីរ​ព័ត៌មាន​ខេត្ត ជាដើម​។

​នាឱកាស នៃ​ពិធី​បិទ​សន្និបាត​នេះ​ផងដែរ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​មាន​ស្នាដៃ នៃ​ក្រសួង​ព័ត៌មាន​មួយ​ចំនួន​ផងដែរ​៕​

Leave a Reply

Your email address will not be published.