ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាល​នីតិកាល​ថ្មី សម្រេច​ផ្អាក​ការផ្ទេរ​មុខងារ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មួយរយៈ​សិន​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ផ្អាក​ផ្ទេរ​មុខងារ​ពី​ថ្នាក់​ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ មួយរយៈ​សិន ដោយ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​«​ជាការ​ជាន់​ហ្វ្រាំង ដើម្បី​ពិនិត្យ កែលម្អ និង​បង្កើន​គុណភាព​លើ​ការអនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ទៅ​ហើយ និង​ធានា​ថា​មុខងារ​ថ្មីៗ​ដែល​ត្រៀម​ផ្ទេរ​ទៅ​បន្ថែមទៀត នឹង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​គុណភាព​។ ការ​ថ្លែង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការជ្រើសរើស និង​ការគ្រប់គ្រង​មន្ត្រី​ផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ ដែល​បម្រើ​ការងារ​នៅ​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រៀបចំ​នៅ​ខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤​។​

​ជាន់​ហ្វ្រាំង​ផ្អាក​មួយរយៈ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា មិនមែន​មានន័យ​បែប​អវិជ្ជមាន ក្នុង​កំណែទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ នោះទេ ពីព្រោះ​ឆ្លងកាត់​ការអនុវត្ត រយៈពេល ១៣​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​អ្នកទទួល​សេវា​ក្ដី អង្គការ​ជាតិ អន្តរជាតិ និង​ប្រទេស​ជា​មិត្ត ដូចជា​៖ ស្វីស អាល្លឺម៉ង់ និង​អូស្ត្រាលី​ក្ដី បាន​បង្ហាញ​ការគាំទ្រ និង​ពេញចិត្ត​ជាខ្លាំង​។ គាំទ្រ​និង​ពេញចិត្ត ក៏​ព្រោះតែ​រាជរដ្ឋាភិបាល​នីតិកាល​មុនៗ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ដោយ​មាន​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​អតីត​ប្រធាន គ​.​ជ​.​អ​.​ប​. បាន​ផ្ទេរ​មុខងារ​ជា​ង ៨០០​ប្រភេទ ជា​បន្តបន្ទាប់ ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​។ ជាក់ស្ដែង​យន្តការ​ច្រក​ចេញ​ចេញចូល​តែមួយ បាន​និង​កំពុង​ធ្វើ​ឱ្យ​រដ្ឋ​រក​ចំណូល​ពី​កម្រៃ​សេវា​សាធារណៈ​រាប់លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ខណៈ​ប្រជាពលរដ្ឋ​ជា​អ្នកស្នើសុំ​សេវា ក៏​បាន​និង​កំពុង​រីក​រាយ​សារ​ទរ​លើ​ការងារ​នេះ ពី​ព្រោះ​សេវា​នៅ​កៀក​ពួកគាត់ មាន​តម្លាភាព​និង​គុណភាព​។

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​ការពន្យល់​ងាយៗ​អំពី​ភាពចាំបាច់​ដែល​រាជរដ្ឋាភិបាល ត្រូវ​ពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​លើ​ការងារ​មួយចំនួន ជាក់ស្ដែង​មាន​មុខងារ​ផ្ទេរ​ទៅ​ខ្លះ កំពុង​ស្ថិតក្នុង​ស្ថានភាព​ខ្វះ​មន្ត្រី​បច្ចេកទេស អនុវត្ត​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល ដាក់ចេញ​យន្តការ​អាទិ​ភាព​មួយចំនួន ដើម្បី​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​នៅ​ថ្នាក់ក្រោម​ជាតិ ឱ្យបាន​សមស្រប​។ ជាក់ស្ដែង​សិក្ខាសាលា​នៅថ្ងៃនេះ ក៏​ជា​ផ្នែក​មួយ​នៃ​យន្តការ​ពង្រឹងគុណភាព​ធនធាន​មនុស្ស​ផង​ដែរ​។

​ជាមួយគ្នានេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​បន្ថែមថា គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) ក៏​កំពុង​ពិនិត្យមើល​បន្ថែម​លើ​ប្រភេទ​សេវា​មួយចំនួនទៀត ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​តម្រូវការ ដើម្បី​ឈាន​ទៅ​ផ្ទេរ ឬ​កែសម្រួល​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​ចំ​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ និង​ស្ថានភាព​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នី​មួយៗ​៕

Leave a Reply

Your email address will not be published.