ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​សិស្ស​នគរបាល​ជ័យលាភី ត្រូវ​ថែទាំ​សុខភាព​ដើម្បី​បំពេញការងារ​បាន​ល្អ និង​កុំ​បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​ជ្រុល​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្តាំផ្ញើ​ទៅកាន់​សិស្ស​ជ័យលាភី​ទាំងអស់ ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ និង​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​តាម​អង្គភាព ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ​ខ្លួន​ឱ្យ​ធាត់​ជ្រុល​ហួស ធ្វើឱ្យប៉ះពាល់​ដល់​ការងារ និង​អាច​ប្រឈម​បញ្ហា​សុខភាព​នោះឡើយ​។ ឯកឧត្តម បាន​មានប្រសាសន៍​ដូចនេះ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល ជំនាន់​ទី​១៨ លើក​ទី​២ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៦ ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៤ ។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​លើកឡើង​ថា សិស្ស​ដែល​ទទួល​ជ័យលាភី គឺជា​ជំនាន់​ចុងក្រោយ ដែល​មាន​កម្រិត​កម្ពស់​ទាប​ជាង បើ​ធៀប​ទៅ​នឹង​ការប្រកាស​ជ្រើសរើស​ថ្មី ដែល​បាន​កំណត់​ចំពោះ​បុរស ១,៧០​ម៉ែត្រ និង​នារី ១,៦៥​ម៉ែត្រ ឡើងទៅ​។ ចំពោះ​គោលការណ៍​ណែនាំ​តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ​អង្គភាព រៀបចំ​នគរបាល​ធា​ត់ និង​ដុះ​ក្បាលពោះ​ខ្លាំង​ ​ឱ្យ​បំពេញ​ការងារ​ក្នុង​ការិយាល័យ ទាំង​ការងារ​ចរាច​រណ៍ និង​ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានបញ្ជាក់​ថា វិធានការ​នេះ​មិនមែន​មានន័យថា ថ្នាក់ដឹកនាំ​បង្កើត​បរិយាកាស​ដាក់​សម្ពាធ​តទល់​លើ​មន្ត្រី​មាន​មាឌ​ធាត់​នោះទេ ប៉ុន្តែ​គឺជា​ការគិតគូរ​លើ​សុខភាព និង​ប្រសិទ្ធភាព​ការងារ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ក្រើនរំលឹក​ដល់​សិស្ស​ជ័យលាភី​ទាំងអស់ ត្រូវ​ចងចាំ​ការ​សច្ចាប្រណិធាន ក្នុងនាម​ជា​អ្នក​បំពេញ​ការងារ​ជា​នគរបាល ឱ្យបាន​ល្អ ស្រប​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​នៃ​នគរបាលជាតិ ផ្តល់​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ និង​ត្រូវ​ខិតខំ​អភិវឌ្ឍន៍​ខ្លួន ក្រេប​យកចំណេះ​ជំនាញ តាមរយៈ​ការបណ្តុះបណ្តាល​ពី​ថ្នាក់ដឹកនាំ និង​អង្គភាព ជាពិសេស​គឺ​ចាប់​យក​ការងារ​ឌីជីថល ដើម្បី​ស្រប​តាម​ការអភិវឌ្ឍ​នៃ​យុគសម័យ​ថ្មី​។

​មុន​នឹង​បញ្ចប់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​ការគាំទ្រ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​សាលា​នគរបាលជាតិ ភូមិភាគ​៦ ខេត្ត​កំពង់ឆ្នាំង និង​ផ្តល់​សម្ភារៈ​មួយចំនួនទៀត ដើម្បី​ជំរុញ​ដល់​ការបណ្តុះបណ្តាល​ប្រកបដោយ​ចីរភាព​។ ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ស្នើ​ឱ្យ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ត្រៀមលក្ខណៈ​បើក​វគ្គ​បណ្តុះបណ្តាល​ខ្លី ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ ក៏ដូចជា​កងកម្លាំង​មួយចំនួន បាន​រម្លឹក​ពី​លំ​ហាត់​របៀប និង​ការពង្រឹង​កាយសម្បទា​ជាដើម​៕

Leave a Reply

Your email address will not be published.