កំពង់ស្ពឺ÷ យើងទាំងអស់គ្នាមានមោទនភាពក្រៃលែងចំពោះរាល់សមិទ្ធផលធំៗជា ប្រវត្តិសាស្ត្រ ដែលសម្រេចបាន ក្នុងកំណាត់ផ្លូវដ៏ឆ្ងាយ។ យើងបានប្រែក្លាយមាតុភូមិកម្ពុជា ទៅជា ទឹកដីដែលកំពុងមានការអភិវឌ្ឍគ្រប់វិស័យ និងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរាប់ទសវត្ស ធ្វើឱ្យលទ្ធិប្រជា ធិបតេយ្យកំពុងលូតលាស់ ចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ដូច្នេះគ្រាដែលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី 71 នៃទិវាបុណ្យឯករាជ្យជាតិ 9 វិច្ឆិកា 1953 -9 វិច្ឆិកា 2024 និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ពិធីនេះប្រារព្ធធ្វើនៅវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ2024។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ទៀតថា÷ កំណើនសេដ្ឋកិច្ចសង្គម និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ គួបផ្សំ និងលទ្ធផល នៃការបោះឆ្នោតជាបន្តបន្ទាប់កន្លងទៅនេះ ទាំងសកល និងអសកល ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ត្រូវបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និង បទបញ្ជានីតិវិធីនៃការបោះឆ្នោត ជាមួយនឹងការរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព យ៉ាងល្អប្រសើរ។
ទន្ទឹមនេះ ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាជាមហាគ្រួសារតែមួយក្រោមដំបូល
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងអំពីនិន្នាការ នយោបាយ អតីតកាល
ដើមកំណើត ជាតិ ជំនឿ សាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ចូលរួមកសាងមាតុភូមិកម្ពុជា។ លើមូលដ្ឋាននៃសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះបានបង្ហាញថា កម្ពុជាកំពុងតែស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ នៃការអភិវឌ្ឍរបស់ខ្លួន ហើយកំពុងតែឈាន ទៅមុខយ៉ាងស្វាហាប់ តាមទិសដៅដ៏ត្រឹមត្រូវឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ប្រកបដោយក្តីសង្ឃឹម។ ក្រោមមគ្គុទេសក៍ដឹកនាំរបស់ស្ថាប័នព្រឹទ្ធសភា ស្ថាប័ន រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកប ដោយបញ្ញាញាណ និងនវានុវត្តន៍។
ដោយឡែក សម្រាប់ទឹកដីខេត្តកំពង់ស្ពឺរបស់យើង បាននឹងកំពុងអភិវឌ្ឍន៍រីកចម្រើនលើ គ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ សាលារៀន វត្តអារាម មន្ទីរពេទ្យ ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកំសាន្តយ៉ាងច្រើនកុះករ ជាក់ស្តែងកាលពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត រយៈពេលពីរថ្ងៃ ដោយរលូន និងមានលក្ខណៈល្អប្រសើរ។ ក្នុងនោះដែរក៏មានការរៀបចំដាក់តាំង ពិព័រណ៍ផលិតផល ភូមិមួយ ផលិតផលមួយ របស់ក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងពិព័រណ៍ ពាណិជ្ជកម្មផ្សេងៗ ព្រមទាំងមានការរៀបចំការប្រគុំតន្ត្រី ការប្រកួតកីឡាក្បាច់គុនបុរាណខ្មែរ ព្រមទាំងមានការបាញ់កាំជ្រួចពេលរាត្រីផងដែរ។ ក្នុងឱកាសរយៈពេល ២ថ្ងៃនេះ មានបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាកំសាន្ត ទាំងពេលថ្ងៃ ទាំងពេលយប់ សរុបប្រមាណជាង ៨១១.៨២៣នាក់ផងដែរ។